2026-01-08 17:23
28

នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា សម្តេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានអនុញ្ញាតជូន លោក បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំាកម្ពុជា ដែលត្រូវចប់អាណត្តិបេសកកម្មការទូតពីកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។ 

សម្តេចប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់នានា ដែល ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី បានខិតខំប្រឹងប្រែង និងសម្រេចបាននាពេលកន្លងមក ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងពង្រីក និងលើកកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រត្តិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ នីតិប្បញ្ញត្តិ បក្ស ធុរកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយបាននាំមកនូវផលប្រយោជន៍ជូនដល់ប្រទេស និងប្រជាជនទាំងសងខាង។ 

សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា “កម្ពុជា និងឡាវ ជាអ្នកជិតខាងល្អ ជាមិត្តដ៏ជិតសិ្នទ្ធ ប្រៀបដូចបងប្អូន ឬដន្លងនឹងគ្នា ដែលតែងតែជួយគ្នាទៅវិញទៅមក នៅក្នុងគ្រប់កាលៈទេសៈ”។ មិត្តភាពប្រទេសទំាងពីរត្រូវបានបន្តលើកកម្ពស់ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ ឈរលើស្មារតីសាមគ្គីភាពយូរអង្វែង ដោយមានការជឿជាក់ យោគយល់គ្នា គោរពគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ស្របតាមទិសស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។ 

សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសឡាវ ក្នុងរយៈពេលចុងក្រោយនេះ ដែលបានផ្លាស់ប្តូរពីប្រទេសដីគោកដែលគ្មានការតភ្ជាប់ទៅជាប្រទេសដីគោកដែលមានការតភ្ជាប់(Landlock ទៅជា Land link) ដែលមានផ្លូវគមនាគមន៍តភ្ជាប់ក្នុងប្រទេស និងតំបន់ ដូចជាគម្រោងតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿន និងផ្លូវល្បើនលឿនជាមួយប្រទេសនានាក្នុងតំបន់ ជាដើម។ 

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសតូច កម្ពុជាមិនខុសពីឡាវនោះទេ បានខិតខំអភិវឌ្ឍប្រទេសជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់គោលការណ៍ពហុនិយម និងគោរពច្បាប់អន្តរជាតិ ដើម្បីធានាការពារសុខសន្តិភាព សម្រាប់ប្រទេសខ្លួនផង ក៏ដូចជាសម្រាប់តំបន់និងអន្តរជាតិ ផង។ សុខសន្តិភាពមានសារៈសំខាន់ណាស់ ពីព្រោះថា សង្រ្គាមគ្មានផ្តល់ផលចំណេញអ្វីឡើយមានតែចាញ់ គឺចាញ់ទំាងអស់គ្នា។ ប្រទេសតូច ដូចជាកម្ពុជា គ្មានមហិច្ឆតាណាមួយទៅឈ្លានពានប្រទេសធំឡើយ។

 ជាការឆ្លើយតប លោក បួកែវ ភុំវង្សសាយ បានឯកភាពចំពោះការលើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ពីតម្លៃសន្តិភាព និងមានការជឿជាក់យ៉ាងមុតមាំថា “ជម្លោះព្រំដែនកម្ពុជា និងថៃ នឹងអាចដោះស្រាយដោយសន្តិវិធី ក្នុងពេលឆាប់ៗនេះ”។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត ក៏បានចែករំលែកអំពីសភាពការណ៍និងព័ត៌មានថ្មីៗ ដែលកំពុងកើតមាននៅក្នុងប្រទេសឡាវ ជូនសម្តេចប្រធានរដ្ឋសភា ដោយបានគូសបញ្ជាក់ថា នៅពេលនេះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានកំពុងរៀបចំមហាសន្និបាតលើកទី១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ ដើម្បីវាយតម្លៃការងារដែលបានអនុវត្តកន្លងមក និងលើកទិសដៅសម្រាប់ឆ្នាំ ២០២៦-២០៣០។ 

លោកបានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលមមាញឹកអនុញ្ញាតដល់លោក និងសហការី បានចូលជួបសម្តែងការគួរសម និងជម្រាបលានាឱកាសនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាទំាងមូល ដែលបានផ្តល់កិច្ចសហការ និងគាំទ្រយ៉ាជិតស្និទ្ធជាមួយឯកឧត្តមនិងស្ថាតទូតឡាវ ដោយបានធ្វើឱ្យបេសកកម្មការទូត របស់ឯកឧត្តមនៅកម្ពុជាបានបញ្ចប់ទៅប្រកបដោយផ្លែផ្កាជាទីមោទនៈ រួមចំណែកក្នុងការលើកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរដែលមានតំាងពីយូរលង់ណាស់មកហើយនោះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ 

នៅក្នុងឆ្នាំ២០២៦ នេះ ដែលជាឱកាសខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា និងឡាវ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានត្រៀមរៀបចំទទួលស្វាគមន៍នូវព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះផងដែរ៕