បន្ទាយមានជ័យ៖ យុវជនខ្មែរម្នាក់ ដែលត្រូវបានកងកម្លាំងយោធាថៃ ឃាត់ខ្លួននៅតំបន់បឹងត្រកួន កាលពីពេលថ្មីៗនេះ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព តាមច្រកព្រំដែនកម្ពុជា-ថៃ ប្រចាំតំបន់បឹងត្រកួន នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។ យុវជនរូបនេះ មានឈ្មោះ ផល ប៉ោង ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
តាមព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ យុវជន ផល ប៉ោង ត្រូវបានកងកម្លាំងជួរមុខថៃ ឃាត់ខ្លួន នៅចំណុច តំបន់បឹងត្រកួន ខណៈពេលលោកព្យាយាមឆ្លងកាត់របងលួសបន្លា ដើម្បីចូលទៅយកទ្រព្យសម្បត្តិផ្ទាល់ខ្លួននៅក្នុងលំនៅដ្ឋានរបស់ខ្លួន ដែលស្ថិតនៅតំបន់មានការគ្រប់គ្រងតឹងរ៉ឹង ដោយយោធាថៃ។
ប្រភពដដែលបញ្ជាក់ថា តំបន់លំនៅដ្ឋានខាងលើ ត្រូវបានភាគីថៃព័ទ្ធជុំវិញដោយរបងលួសបន្លា និងដាក់ទូកុងតឺន័រ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យស្ថានការណ៍សុវត្ថិភាពនៅតំបន់ព្រំដែន។
ក្រោយការសម្របសម្រួល និងការទំនាក់ទំនងរវាងអាជ្ញាធរពាក់ព័ន្ធនៃភាគីទាំងពីរ ភាគីថៃបានសម្រេចដោះលែងយុវជនខ្មែររូបនេះ និងប្រគល់ឲ្យអាជ្ញាធរកម្ពុជាទទួលយកវិញដោយសុវត្ថិភាព។
ករណីនេះ បានបង្ហាញពីការសម្របសម្រួលតាមផ្លូវការរវាងអាជ្ញាធរនៃប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាដែលកើតមាននៅតំបន់ព្រំដែន ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពប្រជាពលរដ្ឋ៕



