2026-01-20 10:25
27

ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺជាផ្លូវការ បដិសេធទាំងស្រុងចំពោះព័ត៌មានដែលគណនីហ្វេសប៊ុកឈ្មោះ Sarath Sun បានចុះផ្សាយថា «ទាហានសៀមបានចូលកាន់កាប់ស្ពានស្ទឹងមេទឹក បន្ទាប់ពីមានការទម្លាក់គ្រាប់បែកកម្ទេចស្ពានកាលពីថ្ងៃមុន»

ក្នុងសេចក្តីបំភ្លឺ រដ្ឋបាលខេត្តបញ្ជាក់ថា ព័ត៌មានខាងលើ គឺជា «ព័ត៌មានមិនពិត»។ ជាក់ស្តែង នៅទីតាំងស្ពានស្ទឹងមេទឹក បច្ចុប្បន្នកំពុងត្រូវបានជំនាញសាធារណការធ្វើការជួសជុល និងសម្រួលផ្លូវធ្វើដំណើរ ដើម្បីជួយសម្រួល​ការ​ធ្វើដំណើររបស់ប្រជាពលរដ្ឋដែលបានវិលត្រឡប់ទៅលំនៅឋានដើមរបស់ខ្លួនវិញ ហើយពុំមានទាហានបរទេ​ស​ចូលកាន់កាប់ដូចការចុះផ្សាយឡើយ។

រដ្ឋបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី១៥ និង១៦ ខែមករា ឆ្នាំ២០២៦ អភិបាលខេត្តពោធិ៍សាត់ បានអមដំណើរក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យទីតាំង ចំនួន ០៤ ក្នុងនោះ មានទីតាំង ចំនួន ០២ គឺចំណុច អូរភ្លុកដំរី និងច្រកជ័យជំនះ (ច្រកផ្លូវ៥៦) ដែលមានផលប៉ះពាល់ដោយការរំលោភឈ្លានពាន និងរាយបន្លាលួសចូលក្នុងទឹកដីកម្ពុជា។ ចំណែកទីតាំង ចំនួន ០២ ទៀត រួមមាន ស្ពានស្ទឹងមេទឹក និងចំណុច (ច១) មានតែការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិប៉ុណ្ណោះ មិនមានការចូលកាន់កាប់ទឹកដីកម្ពុជានោះឡើយ។

រដ្ឋបាលខេត្តបន្តថា បន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋក្នុងឃុំថ្មដា ស្រុកវាលវែង ដែលបានជម្លៀសទៅមណ្ឌលសុវត្ថិភាព ប្រមាណ ៩០ ភាគរយ បានវិលត្រឡប់ទៅលំនៅឋានដើមវិញ ហើយជាពិសេសប្រជាពលរដ្ឋរស់នៅម្តុំស្ពានស្ទឹងមេទឹក កំពុងរស់នៅជាធម្មតា និងបន្តធ្វើមុខរបរផលិតអំបោសផ្កាស្មៅលក់ ដើម្បីកែលម្អជីវភាពគ្រួសារ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់គណនី Sarath Sun ដោយអះអាងថា ជាការផ្សាយព័ត៌មានមិនពិត ប្រើរូបថតចាស់ និងមានគោលបំណងបំភ្លើស ញុះញង់ និងបំពុលបរិយាកាសសង្គម ដែលអាចបង្កឲ្យសាធារណជនមានការយល់ច្រឡំ។

រដ្ឋបាលខេត្តក៏បានអំពាវនាវដល់សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ សូមពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានច្បាស់ មុននឹងចែករំលែក ដើម្បីចៀសវាងការបង្កការភាន់ច្រឡំ និងការប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពសង្គម៕