2026-01-20 10:30
23

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានឲ្យដឹងថា គិតមកទល់ពេលនេះ ថ្ងៃទី២០ ខែមករា មានពលរដ្ឋភៀសសឹក ចំនួនជាង ៥១ ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញហើយ ក្នុងចំណោមជនភៀសសឹក សរុបជាង ៦៤ ម៉ឺននាក់ ខណៈនៅសល់ជាង ១៣ ម៉ឺននាក់ទៀត កំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅតាមបណ្តាខេត្តជាប់ព្រំដែន។

អ្នកនាំពាក្យបានបញ្ជាក់ថា អាជ្ញាធរកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីឱ្យពលរដ្ឋភៀសសឹកដែលនៅសល់ អាចវិលត្រឡប់ទៅកាន់ភូមិឋានរបស់ខ្លួនវិញជាបន្តបន្ទាប់ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើជីវភាព សុវត្ថិភាព និងសុខុមាលភាព។ 

ទន្ទឹមនឹងនេះ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវាសាធារណៈជាច្រើន ក៏បានបើកដំណើរការឡើងវិញ ដើម្បីបម្រើប្រជាពលរដ្ឋនៅតំបន់ដែលស្ថានការណ៍បានធូរស្រាល។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា ពលរដ្ឋភៀសសឹកដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ទទួលបានការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយពីរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ ដោយមានការផ្តល់ជូនជម្រកឬតង់ស្នាក់នៅ សន្តិសុខ សុវត្ថិភាព ស្បៀងអាហារ ទឹកស្អាត ភ្លើងអគ្គិសនី បង្គន់អនាម័យ និងសេវាសុខាភិបាលនៅនឹងកន្លែង ដោយឥតគិតថ្លៃ។ ការផ្គត់ផ្គង់ទាំងនេះ បានទទួលការគាំទ្រពីអាជ្ញាធរខេត្ត បណ្តាប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជនពីគ្រប់ទិសទី។

លើសពីនេះ ក្នុងមណ្ឌលសុវត្ថិភាព ក៏មានការរៀបចំថ្នាក់រៀនបណ្តោះអាសន្ន សម្រាប់កុមារ កម្មវិធីអប់រំផ្លូវចិត្តតាមព្រះពុទ្ធសាសនា សម្រាប់មនុស្សវ័យចំណាស់ និងការបង្កើតសួនបន្លែក្នុងមណ្ឌល តាមគំនិតផ្តួចផ្តួមរបស់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីឱ្យពលរដ្ឋអាចដាំបន្លែប្រើប្រាស់ និងបង្កើនស្ថិរភាពជីវភាព។

ក្នុងសារជូនប្រជាពលរដ្ឋកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះបងប្អូនដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលកំពុងគិតគូរពង្រឹង ឬផ្លាស់ប្តូរជម្រកបណ្តោះអាសន្នទៅកាន់ទីតាំងដែលមានលក្ខខណ្ឌល្អប្រសើរជាងមុន ព្រមទាំងរៀបចំវិធានការជួយរក្សាលំនឹងជីវភាពរហូតដល់អាចវិលត្រឡប់ទៅផ្ទះវិញបាន។

ចំពោះពលរដ្ឋដែលបានវិលត្រឡប់ទៅលំនៅឋានវិញ រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការស្តារផលដំណាំ ដោះស្រាយបំណុល និងស្តារឡើងវិញសេវាចាំបាច់ ដូចជា ទូរគមនាគមន៍ ទឹក និងភ្លើងអគ្គិសនី ដើម្បីបម្រើជីវភាពប្រចាំថ្ងៃ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានតែងតាំងក្រុមការងារចំពោះកិច្ច ដើម្បីវាយតម្លៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផលប៉ះពាល់លើជីវភាពប្រជាពលរដ្ឋ បន្ទាប់ពីការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកដោយទាហានថៃ។ 

ក្រុមការងារនេះ កំពុងចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បីរៀបចំផែនការស្តារឡើងវិញឲ្យមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងខិតខំយ៉ាងខ្លាំងផ្នែកនយោបាយការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី តាមសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងអន្តរជាតិដែលបានឯកភាពគ្នា ក៏ដូចជាការតវ៉ាយ៉ាងម៉ឺងម៉ាត់ប្រឆាំងរាល់សកម្មភាពរំលោភបំពានក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហររឹងមាំក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយគោរពច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ និងមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ៕