2026-01-20 11:39
15

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដើម្បីតាមដានវឌ្ឍនភាពនៃការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្តាប់ការរាយការណ៍ពីអនុគណៈកម្មការទាំង៦ ពាក់ព័ន្ធនឹងការរៀបចំផ្នែកបច្ចេកទេស ការសម្របសម្រួល ការត្រៀមហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ ពិធីការ និងការទទួលភ្ញៀវអន្តរជាតិ ដែលជាគ្រឹះសំខាន់សម្រាប់ធានាឱ្យបាននូវភាពរលូន និងប្រសិទ្ធភាពនៃកិច្ចប្រជុំកំពូលដ៏សំខាន់នេះ។

លោក ប្រាក់ សុខុន បានបង្ហាញចំណាប់អារម្មណ៍ជាពិសេសចំពោះសំណើ និងបញ្ហាប្រឈមដែលអនុគណៈកម្មការនីមួយៗបានលើកឡើង ព្រមទាំងបានផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីពង្រឹងការងារសម្របសម្រួលអន្តរក្រសួង ស្ថាប័ន និងពាក់ព័ន្ធទាំងអស់ ធានាឱ្យការរៀបចំប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព តាមផែនការ និងស្តង់ដារអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ គឺជាព្រឹត្តិការណ៍អន្តរជាតិសំខាន់មួយ ដែលនឹងលើកស្ទួយកិត្យានុភាព និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ដូច្នេះគណៈកម្មការជាតិ និងអនុគណៈកម្មការទាំងអស់ ត្រូវបន្តបង្កើនការទទួលខុសត្រូវ និងការសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យការរៀបចំទទួលបានជោគជ័យពេញលេញ។

គេរំពឹងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា នឹងទាក់ទាញការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងប្រទេសសមាជិកជាច្រើន និងក្លាយជាវេទិកាសំខាន់សម្រាប់ពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងសហគមន៍ហ្វ្រង់កូហ្វូនី៕