ភ្នំពេញ៖ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបគណៈប្រតិភូនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី និងសិស្សមេធាវីជំនាន់ទី២០ ក្នុងដំណើរទស្សនកិច្ចសិក្សាឈ្វេងយល់បន្ថែមអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តជាក់ស្តែងក្នុងវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងសន្តិសុខសង្គម ជាពិសេសយន្តការអធិការកិច្ចការងារ និងនីតិវិធីនៃការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពង្រឹងជំនាញអនុវត្តវិជ្ជាជីវៈមេធាវីវិស័យការងារ នាពេលអនាគត។
ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា «ការអនុវត្តច្បាប់ការងារជួនកាលទាមទារឱ្យមានភាពបត់បែន និងទន់ភ្លន់ ដើម្បីរក្សានូវវប្បធម៌គោរពច្បាប់ និងបង្កើតឱ្យមានភាពចុះសម្រុងគ្នានៅក្នុងកន្លែងធ្វើការ»។
ជាមួយគ្នានេះ សិស្សមេធាវីទាំងអស់បានទទួលនូវការពន្យល់បង្ហាញពីថ្នាក់ដឹកនាំមកពីនាយកដ្ឋានជំនាញ យ៉ាងលម្អិតអំពីយន្តការអធិការកិច្ចការងារ និងវិធីសាស្រ្តដោះស្រាយវិវាទការងារនៅក្រៅប្រព័ន្ធតុលាការ ដែលចាប់ផ្តើមតាំងពីការដោះស្រាយផ្ទៃក្នុងនៅតាមរោងចក្រសហគ្រាស រហូតដល់ការសម្របសម្រួលនៅកម្រិតក្រសួង និងក្រុមប្រឹក្សាអាជ្ញាកណ្តាល។
ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏មានតម្លៃដែលបានជួយឱ្យសិស្សមេធាវីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗសម្រាប់ពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ពួកគេក្នុងការក្លាយជាកម្លាំងស្នូល ដើម្បីចូលរួមអភិវឌ្ឍវិស័យច្បាប់ និងលើកកម្ពស់ការគោរពច្បាប់ការងារ នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងនាពេលអនាគត៕




