2026-01-20 11:53
23

ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងលោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ពហុភាគី ស្តីពី «កម្តៅនៅកន្លែងធ្វើការ និងផលប៉ះពាល់លើសុវត្ថិភាព សុខភាព និងផលិតភាពការងារ នៅក្នុងវិស័យវាយនភណ្ឌនៅកម្ពុជា» នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ Fairfield រាជធានីភ្នំពេញ។ 

ពិធីនេះមានការចូលរួមពីតំណាងមកពីអន្តរក្រសួង, អង្គការ ILO,  អង្គការ GIZ, សមាគម TAFTAC, សហជីព និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនៃកម្តៅខ្លាំង ដែលកំពុងប៉ះពាល់ដល់សុខុមាលភាពកម្មករនិយោជិត ជាពិសេសនៅក្នុងរដូវប្រាំងនេះ។ សិក្ខាសាលានេះមានគោលបំណងសំខាន់ៗ ចំនួន ០៣ គឺ៖ (១) បង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធអំពីផលប៉ះពាល់នៃកម្តៅខ្លាំង, (២) បង្ហាញទិន្នន័យស្រាវជ្រាវ និងក្របខ័ណ្ឌច្បាប់សម្រាប់វិធានការការពារ និង (៣)ជំរុញការសន្ទនារវាងរាជរដ្ឋាភិបាល និយោជក និងម្ចាស់ម៉ាក ដើម្បីរិះរកមធ្យោបាយសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ 

ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានសង្កត់ធ្ងន់ថា «ការវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ និងខ្យល់ចេញចូលនៅកន្លែងធ្វើការ មិនមែនជាបន្ទុកចំណាយនោះទេ ប៉ុន្តែគឺជាការវិនិយោគប្រកបដោយយុទ្ធសាស្ត្រដើម្បីបង្កើនផលិតភាពការងារ និងធានានូវនិរន្តរភាពអាជីវកម្ម។ បរិយាកាសការងារដែលមានផាសុកភាព នឹងជួយឱ្យកម្មករនិយោជិតរក្សាបាននូវស្មារតីនឹងនរ និងថាមពលពេញលេញ ដែលជាកត្តាសំខាន់ក្នុងការកាត់បន្ថយកំហុសបច្ចេកទេស គ្រោះថ្នាក់ការងារ និងជួយឱ្យសហគ្រាសឈានទៅសម្រេចបាននូវគោលដៅ "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។

លោកស្រីបានរំលឹកថា គ្រោះថ្នាក់ការងារគឺជាបញ្ហាដែលអាចបង្ការបាន ប្រសិនបើយើងមានការវាយតម្លៃហានិភ័យច្បាស់លាស់ និងការអនុវត្តវិធានការចំគោលដៅ។

ទន្ទឹមនឹងនេះ រដ្ឋលេខាធិការប្រចាំការ បានផ្តល់អនុសាសន៍ឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធនិងជំរុញការផ្សព្វផ្សាយការយល់ដឹងអំពីបញ្ហាកម្តៅឱ្យបានទូលំទូលាយនៅតាមរោងចក្រ សហគ្រាស។ 

លោកស្រីបានថ្លែងអំណរគុណចំពោះអង្គការ ILO និងដៃគូនានា ដែលបានសហការរៀបចំសិក្ខាសាលានេះឡើង ដើម្បីរួមគ្នាលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕