2026-01-20 12:42
26

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលកម្ពុជា សហការជាមួយអង្គភាពការពារកុមារ (CPU) កំពុងអំពាវនាវដល់សាធារណៈជនគ្រប់រូប ជួយផ្តល់ព័ត៌មានពាក់ព័ន្ធ ក្រោយពេលប្រទះឃើញសាកសពកុមារាម្នាក់នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។

យោងតាមសេចក្តីរាយការណ៍ នៅវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ កន្លងទៅសាកសពកុមារអាយុប្រហែល ៤ ទៅ ៥ ឆ្នាំ ត្រូវបានប្រទះឃើញនៅលើដីទំនេរមួយកន្លែង ចម្ងាយប្រមាណ ៤ ម៉ែត្រពីផ្លូវធំខាងកើតផ្លូវជាតិលេខ៦។ ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចនគរបាលបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានអញ្ជើញមន្ត្រីជំនាញពីការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត ព្រមទាំងមន្ត្រីស៊ើបអង្កេតព្រហ្មទណ្ឌ និងក្រុមការងារ CPU ដើម្បីធ្វើការពិនិត្យសាកសព និងស៊ើបអង្កេតលើករណីនេះ។

ការពិនិត្យកោសល្យវិច័យដំបូងបានចាត់ទុកករណីនេះជាករណីស្លាប់ដោយមានការសង្ស័យ និងកំពុងស្ថិតក្រោម​ការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។ អាជ្ញាធរបានស្រាវជ្រាវព័ត៌មានពីប្រជាពលរដ្ឋនៅជុំវិញតំបន់កើតហេតុ ដើម្បីស្វែងរកតម្រុយអំពីកុមារបាត់ខ្លួន ឬសកម្មភាពគួរឲ្យសង្ស័យណាមួយដែលអាចជួយដល់ដំណើរការស៊ើបអង្កេត។

សមត្ថកិច្ច និងអង្គភាព CPU បានអំពាវនាវឲ្យសាធារណៈជនណាដែលមានព័ត៌មានពាក់ព័ន្ធ សូមទាក់ទងទៅនគរបាលមូលដ្ឋានជិតបំផុត ឬទាក់ទងផ្ទាល់ទៅកាន់អង្គភាពការពារកុមារ តាមគេហទំព័រ និងហ្វេសប៊ុកផេកផ្លូវការ https://childprotectionunit.org/report-a-child-crime-1, https://www.facebook.com/cpucambodiaដោយធានារក្សាការសម្ងាត់យ៉ាងខ្ជាប់ខ្ជួន។

លោក ជេម៍ ម៉ាកខេប (James McCabe) នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU) បានថ្លែងបញ្ជាក់ថា  ប្រាកដជាមាននរណាម្នាក់ដឹងថា កុមារនេះជានរណា?។ កិច្ចសហការពីមហាជនក្នុងករណីនេះ ពិតជាមានសារៈសំខាន់ខ្លាំង ដើម្បីជួយឲ្យកុមាររងគ្រោះទទួលបាននូវយុត្តិធម៌

សាកសពកុមាររងគ្រោះត្រូវបានរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅវត្តបុទុមបាក់ខែង។ ករណីនេះកំពុងបង្កការភ្ញាក់ផ្អើល និងការព្រួយបារម្ភយ៉ាងខ្លាំងក្នុងសង្គម ខណៈសមត្ថកិច្ចបន្តខិតខំស្វែងរកការពិត និងយត្តិធម៌ជូនកុមាររងគ្រោះ៕