2026-01-21 09:46
22

ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នេះថា កម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ដើម្បីដោះស្រាយការបំពុលបរិស្ថានដោយប្លាស្ទិក។ 

លោករដ្ឋមន្ត្រីលើកឡើងថា ផែនការនេះត្រូវបានរៀបចំឡើងជាយុទ្ធសាស្ត្រ ស្របនឹងជាមួយយុទ្ធសាស្ត្រចក្រាលរបស់ជាតិពីបរិស្ថាន ដោយធានាឱ្យកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយប្លាស្ទិកត្រូវបានដាក់បញ្ចូលទៅក្នុងគោលដៅទំនើបកម្មបរិស្ថានជាតិ និងជាពិសេស ក្រសួងបរិស្ថានបានកំណត់យកឆ្នាំ២០២៦ ជាឆ្នាំនៃសកម្មភាពជាមួយលទ្ធផលជាក់ស្តែង ដែលជាឆ្នាំដែលយើងរួមដៃគ្នាប្រែក្លាយរាល់សកម្មភាពឱ្យទៅជាផ្លែផ្កាដ៏មានន័យសម្រាប់មាតុភូមិយើង។ 

លោករដ្ឋមន្រ្តីបានបន្ថែមថា ការរៀបចំផែនទីបង្ហាញផ្លូវសកម្មភាពប្លាស្ទិកនៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់អំពីការប្ដេជ្ញាចិត្ត និងឆន្ទៈឥតងាករេ របស់កម្ពុជាក្នុងការចូលរួមជាមួយសកលលោកប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក និងជាពិសេសការសម្រេចបាននូវ «ភាពស្អាត» នៅកម្ពុជាសម្រាប់មនុស្សគ្រប់ជំនាន់។ 

ផែនទីបង្ហាញផ្លូវនេះ បានដាក់ចេញសកម្មភាពជាយុទ្ធសាស្ត្រដើម្បីពន្លឿនការផ្លាស់ប្ដូរជាប្រព័ន្ធ ដោយផ្ដោតលើកិច្ចការសំខាន់ៗ រួមមាន៖ (ទី១) ពង្រឹង និងពង្រីកក្របខ័ណ្ឌលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធប្លាស្ទិកចក្រា, (ទី២)  ការបង្កើតយន្តការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព, (ទី៣) ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវដ្ដនៃប្លាស្ទិក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញដំណោះស្រាយរួមគ្នា, និង (ទី៤) ជំរុញការផ្លាស់ប្តូរឥរិយាបថប្រកប ដោយបរិយាប័ន្នសម្រាប់ការកាត់បន្ថយប្លាស្ទិក និងការគ្រប់គ្រងសំណល់។ 

សូមបញ្ជាក់ថា តាមរយៈការសិក្សាប៉ាន់ប្រមាណ ក្នុងឆ្នាំ២០២២ កម្ពុជាបានបង្កើតកាកសំណល់ប្លាស្ទិក ចំនួនប្រមាណជា ៥៤៦,000 តោន (សមមាត្រជាមធ្យម ៣៣ គីឡូក្រាម ក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំៗ។ 

ទំហំកាកសំណល់នេះ គឺមានអត្រាខ្ពស់ជាងបរិមាណប្រាស្ទិក សម្រាប់បណ្តាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០២២។ បន្ថែមលើនេះទៀតនោះ មានគម្លាតខ្លះ រវាងអត្រាប្រមូលកាកសំណល់នៅទីប្រជុំជន (មានប្រមាណជា ៧០%) ជាមួយអត្រាប្រមូលកាកសំណល់នៅទីជនបទ (មិនដល់ពាក់កណ្តាលនៃទិន្នន័យខាងលើ) ដោយពិបាកចូលប្រមូល ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត។ 

លោក Enrico Gaveglia តំណាងប្រចាំប្រទេស UNDP Cambodia មានលើកឡើងថាថា៖ «ផែនទីបង្ហាញផ្លូវនេះមិនត្រឹមតែបំពេញនូវគម្លាតដ៏សំខាន់មួយក្នុងការយល់ដឹងរបស់យើងអំពីការបង្កើត និងលំហូរសំណល់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា ហើយបង្ហាញពីឱកាសដ៏មិនគួរឲ្យជឿក្នុងការកែលម្អការគ្រប់គ្រងសំណល់ប៉ុណ្ណោះទេ។ 

ប៉ុន្តែវា [ផែនទីបង្ហាញផ្លូវនេះ] ថែមទាំងជួយកាត់បន្ថយការប្រើប្រាស់វត្ថុប្លាស្ទិកតែមួយដង និងចាប់យកតម្លៃនៃវត្ថុធាតុដើមដែលអាចកែច្នៃឡើងវិញបាន និងប្លាស្ទិកងាយរលាយចូលជាមួយដី ដែលរួមចំណែកដល់ការផ្លាស់ប្តូររបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់សេដ្ឋកិច្ចចក្រា»។ 

ផែនទីបង្ហាញផ្លូវនេះ បង្ហាញពីសេណារីយ៉ូនៃការផ្លាស់ប្តូរប្រព័ន្ធនៅឆ្នាំ ២០៤០ ជាមួយនឹងការកាត់បន្ថយការបំពុលប្លាស្ទិក ៧៤% ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៤០% និងការសន្សំការចំណាយប៉ាន់ស្មាន ៣៧% សម្រាប់រដ្ឋាភិបាល ព្រមទាំងការងារថ្មីចំនួន ២៦,000 កន្លែង បើប្រៀបធៀបជាមួយការមិនចាត់វិធានការអ្វីសោះ។ 

លោកស្រី Clemence Schmid នាយិកានៃភាពជាដៃគូសកម្មភាពផ្លាស្ទិកសកល នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានមានប្រសាសន៍ថា ៖ «ផែនទីបង្ហាញផ្លូវនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួម ផ្អែកលើភស្តុតាង និងកិច្ចសហការដែលដឹកនាំដោយក្រសួងបរិស្ថាន។ វាកំណត់យុទ្ធសាស្ត្រជាតិច្បាស់លាស់ក្នុងការកាត់បន្ថយការបំពុលប្លាស្ទិក និងបង្កើនប្លាស្ទិកចក្រារហូតដល់ទៅ ៥២% នៅត្រឹមឆ្នាំ ២០៤០។ ការផ្លាស់ប្តូរនេះ គឺមានសារៈសំខាន់ច្រើនជាងការជំរុញឱ្យមានការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចទៅទៀត ត្បិតវានឹងជំរុញនវានុវត្តន៍ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា»។ 

ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវផែនទីបង្ហាញផ្លូវសកម្មភាពប្លាស្ទិកនៅកម្ពុជា ក្រោមមូលបទ «ដំណើរឆ្ពោះទៅសេដ្ឋកិច្ចប្លាស្ទីកចក្រា» នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនរូប ។ 

ផែនទីបង្ហាញផ្លូវនេះ គឺជាសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្រោមការសម្របសម្រួលដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងក្រសួងបរិស្ថាន ក្រោមភាពជាដៃគូសកម្មភាពប្លាស្ទិកសកល (Global Plastic Action Partnership ហៅកាត់ថា GPAP) ដែលជាគំនិតផ្តួចផ្តើចេញពីភាគីពាក់ព័ន្ធដ៏ធំបំផុតរបស់ពិភពលោកលើការបំពុលប្លាស្ទិក ដែលលាតសន្ធឹងលើភាពជាដៃគូចំនួន ២៥ ប្រទេស និងរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)៕