2026-01-26 14:54
33

ការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរបានផ្ទុះឡើងជាថ្មីរវាងកងកម្លាំងយោធាមីយ៉ាន់ម៉ា និងកងទ័ពសហភាពជាតិ Karen (KNU) នៅជិតព្រំដែនប្រទេសថៃ ដែលបណ្តាលឱ្យមានការខូចខាតប៉ះពាល់ដល់ផ្ទះជនស៊ីវិលថៃ។

តាមការចុះផ្សាយដោយ Khaosod នៅថ្ងៃទី២៦ មករា នេះបានឲ្យដឹងថា ការប្រឈមមុខដាក់គ្នាដ៏ក្ដៅគគុករវាងកងកម្លាំងមីយ៉ាន់ម៉ា បានកើតឡើងនៅភូមិ Min La Pan ដែលមានទីតាំងនៅទល់មុខ Mae Gon Ken និងភូមិ Huay Mahawang ក្នុងស្រុក Mae Sot ខេត្ត Tak ប្រទេសថៃ។ 

ក្នុងការប្រយុទ្ធដ៏ស្វិតស្វាញ យោធាមីយ៉ាន់ម៉ា បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក រួមទាំងយន្តហោះទម្លាក់គ្រាប់បែក UAVs និងយន្តហោះគ្មានមនុស្សបើក ធ្វើអត្តឃាត ដើម្បីកំណត់គោលដៅទីតាំងរបស់ កងកម្លាំងការ៉ែន (KNU) នៅក្នុងតំបន់។ ការវាយប្រហារដើម្បីកំណត់គោលដៅលើមូលដ្ឋានរបស់ KNU ពីសំណាក់យោធាមីយ៉ាន់ម៉ានេះធ្វើឡើងស្ថិតនៅចម្ងាយប្រហែល ១ គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនថៃនៅក្នុងភូមិ Huay Mahawang ដែលជាផ្នែកនៃតំបន់ប្រតិបត្តិការរបស់កងកម្លាំងប្រឆាំងរដ្ឋាភិបាល។

ហានិភ័យក្នុងការបាញ់តបតគ្នានេះ បានបណ្តាលឲ្យគ្រាប់កាំភ្លើងបាញ់ឆ្ពោះទៅលើផ្ទះពលរដ្ឋថៃមួយខ្នង ដែលបណ្តាលឲ្យរងការខូចខាត។ ប៉ុន្តែមិនបានបណ្ដាលឲ្យជនជាតិថៃណាម្នាក់រងរបួសនោះទេ។

យ៉ាងណាវិញ ការប៉ះទង្គិចគ្នារវាងកងកម្លាំងការ៉ែន និងយោធាម៉យ៉ាន់ម៉ា ដែលកំពុងបន្តនេះបានបង្ហាញពីភាពតានតឹងដែលកំពុងកើនឡើងនៅតាមព្រំដែនមីយ៉ាន់ម៉ា-ថៃ ខណៈដែលយោធាមីយ៉ាន់ម៉ាបានបង្កើនប្រតិបត្តិការរបស់ខ្លួន ប្រឆាំងនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅក្នុងរដ្ឋ Karen ។ 

រីឯភាគីថៃវិញ ក្រោយកើតមានការបាញ់គ្នាធ្លោយចូលក្នុងព្រំដែនប្រទេសរបស់ខ្លួនបែបនេះ រដ្ឋាភិបាលនៃប្រទេសនេះមិនទាន់ចេញការប្រតិកម្មឆ្លើយតបទៅមីយ៉ាន់ម៉ាវិញនៅឡើយទេ៕