2026-01-28 07:50
31

ការប្រើទិន្នន័យពីវិធីទាំងពីររួមគ្នា អាចផ្តល់រូបភាពច្បាស់លាស់ជាងមុនអំពីគុណភាពខ្យល់។ PM2.5 គឺជាធូលីល្អិតតូចៗ ឬភាគល្អិតនិចលនៅក្នុងខ្យល់ ដែលមានទំហំតូចជាង 2.5 ម៉ៃក្រូម៉ែត្រ (ប្រហែលជា ៣០ ដងតូចជាងសរសៃសក់)។ ដោយសារតែវាមានទំហំតូចខ្លាំង ធូលីទាំងនេះអាចចូលទៅក្នុងសួត និងឈាមបាន ហើយអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស។ ដើម្បីយល់ដឹងអំពីការបំពុលខ្យល់ និងការពារសុខភាពសាធារណៈ អ្នកវិទ្យាសាស្ត្រប្រើវិធីពីរដើម្បីវាស់ PM2.5 គឺ ការវាស់នៅលើដី និងការវាស់ដោយផ្កាយរណប។ ទោះជាយ៉ាងណា លទ្ធផលពីវិធីទាំងពីរនេះជាញឹកញាប់មានភាពខុសគ្នា ព្រោះវាស់ក្នុងរបៀបខុសគ្នា។

១.ការវាស់ដោយប្រើឧបករណ៍នៅលើដី - ការវាស់ដោយផ្ទាល់៖ ឧបករណ៍វាស់នៅលើដី វាស់ PM2.5 ដោយផ្ទាល់ពីខ្យល់នៅជិតផ្ទៃដី ដែលជាតំបន់ដែលមនុស្សដកដង្ហើម។ ឧបករណ៍ទាំងនេះភាគច្រើនត្រូវបានដំឡើងនៅក្នុងទីក្រុង ជិតផ្លូវ ឬតំបន់ឧស្សាហកម្ម។ ដោយសារតែវាវាស់ដោយផ្ទាល់ លទ្ធផលដែលទទួលបានមានភាពត្រឹមត្រូវខ្ពស់សម្រាប់តំបន់ជាក់លាក់។ វាក៏អាចវាស់បានជាបន្តបន្ទាប់ពេញមួយថ្ងៃ ដែលបង្ហាញពីការប្រែប្រួលនៃការបំពុលខ្យល់។ ប៉ុន្តែ ការដំឡើង និងថែទាំឧបករណ៍ទាំងនេះមានថ្លៃថ្លា ដូច្នេះវាមិនមាននៅគ្រប់ទីកន្លែងទេ ជាពិសេសនៅតំបន់ជនបទ ឬតំបន់ឆ្ងាយ។

២.ការវាស់ដោយផ្កាយរណប-ការប៉ាន់ស្មានពីលើអាកាស៖ ផ្កាយរណបមិនវាស់ PM2.5 ដោយផ្ទាល់ទេ តែវាសង្កេតមើលពីរបៀបដែលធូលី និងភាគល្អិតក្នុងបរិយាកាស (ហៅថា Aerosol Optical Depth - AOD) ជះត្រឡប់ ឬស្រូបពន្លឺព្រះអាទិត្យ (តើពន្លឺព្រះអាទិត្យត្រូវបានធូលីក្នុងអាកាសបាំង ឬជះត្រឡប់មកវិញកម្រិតណា)។ បន្ទាប់មក អ្នកវិទ្យាសាស្ត្រប្រើរូបមន្តស្មុគស្មាញដើម្បីប៉ាន់ស្មានកម្រិត PM2.5 នៅផ្ទៃដី។ អត្ថប្រយោជន៍សំខាន់នៃផ្កាយរណបគឺ វាអាចគ្របដណ្តប់តំបន់ធំៗ និងជួយវាស់ការបំពុលខ្យល់នៅកន្លែងដែលគ្មានស្ថានីយវាស់នៅលើដី។ ទោះជាយ៉ាងណា ដោយសារវាមិនវាស់នៅផ្ទៃដីដោយផ្ទាល់ លទ្ធផលអាចមានភាពមិនត្រឹមត្រូវខ្លះ។

៣.មូលហេតុភាពខុសគ្នានៃលទ្ធផលវាស់កម្រិត PM2.5 ដោយឧបករណ៍វាស់លើដី និងដោយផ្កាយរណប មូលហេតុមួយសំខាន់ដែលធ្វើឱ្យលទ្ធផល PM2.5 ពីផ្កាយរណប និងឧបករណ៍នៅលើដីខុសគ្នា គឺ៖

  • ទីតាំង៖ ឧបករណ៍នៅលើដីបង្ហាញស្ថានភាពការបំពុលនៅកន្លែងតូចមួយ ខណៈដែលផ្កាយរណបបង្ហាញជាមធ្យមលើតំបន់ធំ។ ដូច្នេះ ផ្កាយរណបអាចមិនចាប់បានតំបន់ដែលមានការបំពុលខ្លាំង ដូចជាជិតផ្លូវធំ ឬរោងចក្រ
  • ពេលវេលា៖ ឧបករណ៍នៅលើដីវាស់បានពេញមួយថ្ងៃ ខណៈដែលផ្កាយរណបឆ្លងកាត់តំបន់មួយតែម្ដង ឬពីរដងក្នុងមួយថ្ងៃ ហើយត្រូវការអាកាសធាតុល្អគ្មានពពក។ ដូច្នេះ វាអាចខកខានព្រឹត្តិការណ៍បំពុលខ្លះៗ ដូចជាការកកស្ទះចរាចរណ៍ ឬផ្សែងពីអគ្គិភ័យ
  • លក្ខខណ្ឌអាកាសធាតុ៖ អាចប៉ះពាល់ដល់លទ្ធផលពីផ្កាយរណប។ ឧទាហរណ៍ សំណើមខ្ពស់ ឬពពក អាចធ្វើឱ្យការបំពុលមើលទៅខ្លាំងជាងការពិតខណៈឧបករណ៍នៅលើដីមិនរងឥទ្ធិពលពីបញ្ហានេះច្រើនដូចផ្កាយរណបទេ។

ទោះបីជាលទ្ធផលពីវិធីទាំងពីរមានភាពខុសគ្នា ការវាស់ដោយផ្កាយរណប និងឧបករណ៍នៅលើដីសុទ្ធតែមានសារៈសំខាន់។ ឧបករណ៍នៅលើដីផ្តល់ព័ត៌មានត្រឹមត្រូវសម្រាប់តំបន់ជាក់លាក់ ខណៈដែលផ្កាយរណបជួយឱ្យយល់ដឹងអំពីការបំពុលខ្យល់លើតំបន់ធំៗ។ ការប្រើទិន្នន័យពីវិធីទាំងពីររួមគ្នា អាចផ្តល់រូបភាពច្បាស់លាស់ជាងមុនអំពីគុណភាពខ្យល់ និងជួយការពារសុខភាពសាធារណៈបានល្អប្រសើរឡើង៕