2026-01-28 19:00
16

សារធាតុគីមីជាង ១៦ ២៣៥ ប្រភេទ ត្រូវបានប្រើក្នុងការផលិតប្លាស្ទិក។ អ្នកស្រាវជ្រាវអាចកំណត់អត្តសញ្ញាណ និងប្រមូលសារធាតុគីមី ទាំងនោះ ក្នុងការផលិតប្លាស្ទិកបានត្រឹមតែ ១២ ៦៥៨ ប្រភេទប៉ុណ្ណោះ ក្រៅពី​នេះមិនទាន់មានព័ត៌មាន និងអាចកំណត់លក្ខណៈសម្បត្តិអំពីសមាសធាតុផ្សំរបស់វានៅឡើយ។ 

យោងតាមមូលដ្ឋានទិន្នន័យសកលចេញផ្សាយកាលពីពេលថ្មីៗ ដោយកម្មវិធីឈ្មោះ PlastChem និងបានដកស្រង់ផ្សាយដោយអគ្គនាយកដ្ឋានទទួលបន្ទុកបរិស្ថាននៃសហភាពអឺរ៉ុប បានឱ្យដឹងថា ក្នុងចំណោមសារធាតុគីមីចម្រុះ ដែលអាចកំណត់អត្តសញ្ញាណបាន សម្រាប់ប្រើប្រាស់ក្នុងការផលិតជាប្លាស្ទិក អ្នកវិទ្យាសាស្រ្តបានរកឃើញសារធាតុគីមីគ្រោះថ្នាក់ រហូតដល់មួយភាគបួនរួចទៅហើយ។ វាក៏កំពុងត្រូវបានប្រើប្រាស់ និងបោះចោលទៅក្នុងបរិស្ថាន និងកំពុងបង្កគ្រោះថ្នាក់បំផុត ចំពោះសុខភាពមនុស្ស និងប្រព័ន្ធអេកូឡូស៊ី។ 

ប្រភពដដែលខាងលើបានឱ្យដឹងថា សារធាតុគីមីគួរឲ្យព្រួយបារម្ភជាច្រើន មិនទាន់ត្រូវបានគ្រប់គ្រងនៅកម្រិតសកលនៅឡើយទេ វាកំពុងស្ថិតក្នុងសម្ភារប្រើប្រាស់ដោយប្លាស្ទិក ដែលអាចចូលទៅក្នុងខ្លួនមនុស្ស ជាមួយភាពស៊ាំ រឹងមាំ និងអាចមានរយៈពេលយូរ ក្នុងខ្លួនមនុស្ស។

សូមបញ្ជាក់ថា ប្លាស្ទិកបញ្ចេញសារធាតុពុលនិងបង្កគ្រោះថ្នាក់ នៅគ្រប់ដំណាក់ កាលនៃវដ្តជីវិតរបស់វា គិតចាប់ផ្តើមពីការផលិត ការប្រើប្រាស់ ការកែច្នៃឡើងវិញ និងរហូតដល់ការគ្រប់គ្រងសំណល់របស់វា។សារធាតុគីមីចម្រុះ រួមទាំងលម្អងប្លាស្ទិក នៅពេលធ្លាក់ចូលទៅក្នុងខ្លួនមនុស្ស បង្កឱ្យមានជំងឺជាច្រើនក្នុងមានទាំងជំងឺបន្តពូជ ការអភិវឌ្ឍសរសៃប្រសាទ ភាពស៊ាំ និងជំងឺមេតាប៉ូលីស។ អ្នកវិទ្យាសាស្រ្តបានឱ្យដឹងបន្ថែមថា ការប្រើប្រាស់ប្លាស្ទិកចាស់ៗឡើងវិញ ក៏ជាបញ្ហាផងដែរ ពីព្រោះវត្ថុធាតុដើមចាស់ៗ នៅពេលរលួយ ដែលបង្កើនហានិភ័យនៃការបញ្ចេញសារធាតុគីមី។

សូមបញ្ជាក់ថាការសិក្សាកន្លងមកនេះ បានជំរុញឱ្យមានការគាំទ្រ ដល់ការពង្រឹងការគ្រប់គ្រងសារធាតុគីមី និងបង្កើនតម្លាភាព ក្នុងការផលិតសម្ភារជំនួសសារធាតុគ្រោះថ្នាក់ ដោយជម្រើសសម្ភារមានសុវត្ថិភាព និងកែច្នៃផលិតប្លាស្ទិកឲ្យសាមញ្ញ និងមិនមានជាតិពុល ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចប្លាស្ទិកចក្រា៕