ក្នុងការថ្លែងប្រាប់វិទ្យុបាយ័ន នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ព័ត៌មានខាងលើ គឺជាព័ត៌មានបំបែកបំបាក់ ញុះញង់ មួលបង្កាច់ និងបំផ្លើសការពិត ដែលអាចនាំឲ្យកើតមានការយល់ច្រឡំដល់សាធារណជន និងប៉ះពាល់ដល់ស្ថានភាពជាក់ស្តែង។
សម្តេចបានគូសបញ្ជាក់ថា «សម្តេចមិនបានធ្វើការទាក់ទង ឬស្នើសុំអ្វីទៅកាន់ភាគីថៃ ដូចការចុះផ្សាយរបស់សារព័ត៌មានខាងលើឡើយ ហើយបានអំពាវនាវឲ្យសារព័ត៌មាន និងសាធារណជន ប្រើប្រាស់ការវាយតម្លៃដោយប្រុងប្រយ័ត្ន ចំពោះព័ត៌មានដែលគ្មានប្រភពច្បាស់លាស់»។
ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ស្តាប់ និងទទួលយកព័ត៌មាន ដែលចេញផ្សាយដោយស្ថាប័នផ្លូវការរបស់រាជរដ្ឋាភិបាល និងប្រភពព័ត៌មានដែលមានភាពទុកចិត្តបាន ដើម្បីជៀសវាងការយល់ច្រឡំ និងការប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងឯកភាពជាតិ៕



