2026-01-28 19:35
64

ភ្នំពេញ៖ នៅលើបណ្តាញសង្គម X នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ «ក្រុមប្រឹក្សាសន្តិភាព» បានប្រកាសស្វាគមន៍ព្រះរាជាណាចក្រកម្ពុជា ក្លាយជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សានេះ ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

សារស្វាគមន៍ខាងលើ ក៏ត្រូវបានចែកចាយបន្តជាផ្លូវការតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ផងដែរ ដែលបង្ហាញពីការគាំទ្រ និងការយកចិត្តទុកដាក់របស់ភាគីអាមេរិក ចំពោះតួនាទី និងការចូលរួមរបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ការចូលជាសមាជិកស្ថាបនិករបស់កម្ពុជា ត្រូវបានសម្រេចក្នុងឱកាសជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ លោក សាមូអែល ប៉ាប៉ារ៉ូ មេបញ្ជាការនៃបញ្ជាការដ្ឋាន ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ។

ការសម្រេចចិត្តរបស់កម្ពុជា ក្នុងការចូលរួមជាសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាពនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ហើយត្រូវបានមើលឃើញថា ជាជំហានសំខាន់មួយ ក្នុងការពង្រឹងតួនាទីរបស់កម្ពុជា ក្នុងការរួមចំណែកលើកកម្ពស់សន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕