ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីទប់ស្កាត់ការរបូតជំងឺនីប៉ាស៍ ចូលមកក្នុងប្រទេសកម្ពុជា ខណៈជំងឺនេះកំពុងកើតមាននៅក្នុងបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ី។
ការអំពាវនាវនេះធ្វើឡើងនាព្រឹកថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី អមដំណើរដោយលោកឧកញ៉ា វ៉ាន់ ឆារស៍ នាយកគ្រប់គ្រងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការអនុវត្តការងារចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មិនទាន់រកឃើញករណីជំងឺនីប៉ាស៍ នៅឡើយទេ ប៉ុន្តែក្រសួងសុខាភិបាលមានភារកិច្ចសំខាន់ក្នុងការរៀបចំវិធានការបង្ការ និងត្រៀមឆ្លើយតប ដើម្បីមិនឱ្យមានការចម្លងចូលទៅក្នុងសហគមន៍។
លោកបានបន្ថែមថា ក្នុងករណីមានការសង្ស័យលើអ្នកដំណើរ ត្រូវអនុវត្តតាមនីតិវិធីស្តង់ដា សម្រាប់ការឆ្លើយតបគ្រោះអាសន្នសុខភាពសាធារណៈ នៅច្រកចេញចូលប្រទេស ដោយចាំបាច់ត្រូវមានការសហការជិតស្និទ្ធ រវាងអាកាសយានដ្ឋាន ក្រុមហ៊ុនហោះហើរ មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាល នៃរាជធានី-ខេត្ត។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យរៀបចំលំហាត់សមយុទ្ធត្រៀមលក្ខណៈជាប្រចាំសម្រាប់ការឆ្លើយតបករណីសង្ស័យ រួមមាន ការរកឃើញឆាប់រហ័ស ការដាក់ឱ្យនៅដាច់ដោយឡែក ការបញ្ជូន ការព្យាបាល និងការអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។
ជាការបញ្ចប់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធានាការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ដោយបានបញ្ជាក់ថា «ការពារថ្ងៃនេះ អ្នកនឹងបានប្រសើរនៅថ្ងៃស្អែក»៕












