មណ្ឌលគិរី៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃស្រែពក បានចុះល្បាតតាមតំបន់អូរតេ និងបានប្រទះឃើញ «សត្វទន្សោងញី» ចំនួន ០១ ក្បាល មានសភាពដាច់ជើងស្តាំខាងក្រោយ ដោយសារជាប់អន្ទាក់ព្រានព្រៃ។
តាមការបញ្ជាក់ សត្វទន្សោងខាងលើ មានសភាពហូរឈាមធ្ងន់ធ្ងរ ខ្សោយខ្លាំង និងពុំអាចបម្លាស់ទីទៅកន្លែងផ្សេងបានឡើយ។ ភ្លាមៗនោះ ក្រុមការងារឧទ្យានុរក្ស បានខិតខំស្វែងរកមធ្យោបាយ ដើម្បីជួយសង្គ្រោះ និងរៀបចំផែនការដឹកយកសត្វមកព្យាបាល។ លុះនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ក្រុមការងារបានយករថយន្តចេញទៅដឹកសត្វទន្សោងនោះ ប៉ុន្តែជាអកុសល សត្វទន្សោងបានស្លាប់ នៅវេលាម៉ោង ១០និង៣៥នាទីព្រឹក មុនពេលក្រុមការងារសង្គ្រោះទៅដល់។
ដើម្បីចៀសវាងហានិភ័យនៃការឆ្លងរោគទៅសត្វទន្សោង និងសត្វព្រៃផ្សេងទៀតដែលកំពុងរស់នៅក្នុងព្រៃ ក្រុមការងារបានសម្រេចដឹកសាកសពសត្វទន្សោង មកកប់នៅក្បែរស្នាក់ការបរិស្ថាន ណាមរ៉ាម។ នៅពេលអនាគត សំណាកគ្រោងឆ្អឹងនេះ នឹងត្រូវរក្សាទុកសម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវអំពីជីវៈចម្រុះ។
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរំលឹកថា យោងតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ ការចាប់សត្វព្រៃដោយដាក់អន្ទាក់ ខ្នារ អង្គប់ បន្តឹង លប់ បង្អែ ឬការប្រមាញ់ដែលបណ្តាលឱ្យរបួស បំពុល សម្លាប់ ឬប្រមូលពង និងកូនសត្វព្រៃគ្រប់ប្រភេទ គឺជាបទល្មើសធ្ងន់ធ្ងរ ដែលអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ចាប់ពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១០០ លានរៀល ដល់ ៥០០ លានរៀល។
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សូមអំពាវនាវដល់ប្រជាពលរដ្ឋ សហគមន៍ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ព្រមទាំងសាធារណជនទាំងអស់ សូមរួមគ្នាថែរក្សា និងការពារធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ ដើម្បីជាកេរ្តិ៍ដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។
ជាមួយគ្នានេះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់សត្វទន្សោងញីមួយក្បាលនេះ និងសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនដែលបានប្រព្រឹត្តសកម្មភាពល្មើសច្បាប់។ មន្ទីរបរិស្ថាន នឹងបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកជនល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕




