ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលប្រព្រឹត្តទៅនៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ មករា ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនសហការីអាស៊ានអំពីការវិវត្តថ្មីៗតាមបណ្តោយព្រំដែន កម្ពុជា-ថៃ និងសកម្មភាពតាមដានការអនុវត្តសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ធ្នូ ២០២៥ ដែលបានបង្កើតឱ្យមានបទឈប់បាញ់លើកទី២។
ប្រមុខការទូតកម្ពុជា បានសម្តែងអំណរគុណចំពោះប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ សម្រាប់ការសម្របសម្រួលបទឈប់បាញ់ និងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ជាមួយគ្នានេះ ក៏បានថ្លែងអំណរគុណដល់រដ្ឋសមាជិកអាស៊ាន ដែលបានគាំទ្រយ៉ាងរឹងមាំ និងបានបញ្ជូនកម្លាំងចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
តាមការបញ្ជាក់ កិច្ចប្រជុំ GBC បានដាក់ចេញវិធានការបន្ធូរភាពតានតឹង និងជំហានជាក់ស្តែងសម្រាប់ដំណោះស្រាយសន្តិវិធី ស្របតាមច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានឯកភាពថា រាល់ការរៀបចំក្រោមសេចក្តីប្រកាសរួមនេះ មិនប៉ះពាល់ដល់ដំណើរការបោះបង្គោលខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិឡើយ។
ទោះមានវឌ្ឍនភាពវិជ្ជមានចាប់តាំងពីបទឈប់បាញ់ កម្ពុជាបានបញ្ជាក់ថា នៅតែមានសកម្មភាពមួយចំនួនមិនស្របនឹងសេចក្តីប្រកាសរួម ជាពិសេសទាក់ទងនឹងការគោរពអធិបតេយ្យ និងបូរណភាពទឹកដី ដែលអាចបង្កភាពតានតឹងឡើងវិញ និងរំខានដល់ដំណើរការស្តារសន្តិភាព។
ជាក់ស្តែង ប្រជាពលរដ្ឋកម្ពុជា ៩,៦៣៥ នាក់ មកពី ២,៤៤៨ គ្រួសារ មិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានវិញបានដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយសារមានរបាំងរារាំង ការគំរាមកំហែងសន្តិសុខ ឬផ្ទះសម្បែងត្រូវបានបំផ្លាញ។ កុមាររាប់ពាន់នាក់ក៏មិនទាន់អាចទៅសាលារៀនវិញបាននៅឡើយ។
លោក ប្រាក់ សុខុន បានអំពាវនាវឱ្យអាស៊ានបន្តគាំទ្រការដោះស្រាយជម្លោះនេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍មិនប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរដ្ឋណាមួយ ដើម្បីធានាសន្តិភាព និងស្ថិរភាព មិនត្រឹមតែរវាងកម្ពុជា និងថៃ ប៉ុន្តែទូទាំងតំបន់ផងដែរ។
ក្នុងឱកាសនោះ លោកស្រី ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសភីលីពីន ក្នុងនាមប្រធានអាស៊ានបច្ចុប្បន្ន បានបង្ហាញការត្រៀមខ្លួនបន្តសម្របសម្រួលការអនុវត្តសេចក្តីប្រកាសរួម និងទទួលតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីម៉ាឡេស៊ី។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ តាមគោលការណ៍ច្បាប់អន្តរជាតិ Uti Possidetis Juris សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនដែលមានស្រាប់ ហើយមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។
សេចក្តីថ្លែងការណ៍នេះបង្ហាញពីភាពសកម្មនៃការទូតកម្ពុជា នៅគ្រប់វេទិកាអន្តរជាតិ និងតំបន់ ដើម្បីការពារកិត្តិយសប្រជាពលរដ្ឋ និងបូរណភាពទឹកដីជាតិ៕



