បន្ទាយមានជ័យ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យ ចំនួន ០២ នាក់ ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។
ប្រតិបត្តិការបង្ក្រាបមុខសញ្ញាខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ កន្លងមក ដឹកនាំដោយ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នៅចំណុច ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ជនសង្ស័យទាំងពីរ រួមមាន៖ ទី១- ឈ្មោះ វ៉ើន សុវិន ហៅ ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត បច្ចុប្បន្នរស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ (រក្សាទុក និងប្រើប្រាស់) និង២- ឈ្មោះ ញឹម តុលា ហៅ ម៉េវ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងសកម្មភាពរក្សាទុក ប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់។
វត្ថុតាងដកហូត រួមមាន៖ គ្រឿងញៀនប្រភេទ WY ចំនួន ៨០គ្រាប់ (៧.៦៤ក្រាម), ICE ចំនួន ៦ថង់ (៧៧.៣៦ក្រាម), កេតាមីន ១ថង់តូច (១.៥៣ក្រាម), កាំបិត ២ដើម, រថយន្ត Camry ១គ្រឿង, ម៉ូតូ PCX ១គ្រឿង, ទូរស័ព្ទ ២គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន និងប្រាក់សរុបជាច្រើនរូបិយប័ណ្ណ។
ក្រោយសួរនាំ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, និងកាប់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតពិតប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមច្បាប់៕




