ស្វាយរៀង៖ រាជរដ្ឋាភិបាលកម្ពុជា បន្តបង្ហាញជំហរដ៏ម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយគ្មានការបន្ធូរដៃឡើយ។
នៅព្រឹកថ្ងៃបង្ហើយនៃខែមករា ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំអនុវត្តដោយលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង ដោយប្រើកម្លាំងជំនាញប្រមាណ ៧០០នាក់។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបចំនួន ២,០៤៤នាក់ ដែលភាគច្រើនជាជនជាតិចិន និងជនជាតិផ្សេងៗមកពីប្រទេសជាច្រើនក្នុងតំបន់ និងក្រៅតំបន់។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លទ្ធផលនៃប្រតិបត្តិការនេះ គឺជាការផ្ញើសារច្បាស់លាស់ទៅកាន់សាធារណមតិជាតិ និងអន្តរជាតិថា កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គ្មានថ្ងៃអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនយកទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានប្រព្រឹត្តបទល្មើស Online Scams ជាដាច់ខាត។
លោកបានរំលឹកពាក្យប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ថា «កម្ពុជា មិនមែនជាទីជម្រកសុវត្ថិភាពរបស់ជនល្មើសទេ តែជាឋាននរករបស់ជនល្មើស»។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតគណៈកម្មការជាតិចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីពង្រឹងយន្តការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសប្រភេទនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
តាមក្រសួងមហាផ្ទៃ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើស Online Scams ចំនួន ៤៨ករណី បញ្ជូនជនសង្ស័យ ១៦៨នាក់ទៅតុលាការ និងបណ្ដេញជនបរទេសជាង ២,៧០០នាក់ទៅប្រទេសកំណើត។ ចូលឆ្នាំ២០២៦ ក៏បានចាប់ខ្លួនមេខ្លោងឆបោកដ៏ធំមួយ និងបញ្ជូនទៅប្រទេសចិនផងដែរ។
ក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា មន្ត្រីណាក៏ដោយ ដែលបណ្ដែតបណ្ដោយ ឬជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scams នឹងត្រូវទទួលខុសត្រូវតាមច្បាប់ ដោយរួមទាំងការដកចេញពីមុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែងឡើយ៕




