វ៉ាស៊ីនតោន៖ នាមជាប្រទេសមហាអំណាចលើពិភពលោកមែន ប៉ុន្តែមិនមែនមានន័យថា អាមេរិកមិនចេះជំពាក់បំណុលគេនោះទេ។ ជាក់ស្ដែង តាម Reuter នៅថ្ងៃទី០៧ កុម្ភៈនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំស្ថាប័នពិភពលោកបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងធ្វើការបង់ប្រាក់ដំបូងរបស់ខ្លួន មានចំនួនរាប់ពាន់លានដុល្លារ ដែលបានជំពាក់អង្គការសហប្រជាជាតិ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ការគ្រោងនឹងសងបំណុលនេះធ្វើឡើង បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបន្លឺសំឡេងដ៏ខ្សត់ខ្សោយជុំវិញបញ្ហាហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិដែលកំពុងរងការកកស្ទះខ្លាំង និងអាចទទួលរងសម្ពាធដួលរលំដោយសារកង្វះថវិការជ្រុំជ្រែងបន្តទៀត បើទោះបីជាអង្គការនេះមានប្រទេសចំនួន 193 ជាសមាជិកក៏ដោយ។
តាមមន្ត្រីអង្គការសហប្រជាជាតិនិយាយថា ច្រើនជាង 95 ភាគរយនៃប្រទេសដែលជំពាក់ថវិកាអង្គការសហប្រជាជាតិ គឺជាសហរដ្ឋអាមេរិក។ មន្ត្រីដដែលបន្តត្អូនត្អែរថា សហរដ្ឋអាមេរិកមិនបានបង់ថវិការឲ្យអង្គការសហប្រជាជាតិនោះទេ ដូច្នេះជាហេតុធ្វើឲ្យប្រទេសនេះជំពាក់ប្រាក់ UN ចំនួន ៨២៧ លានដុល្លារកាលពីឆ្នាំមុន និង៧៦៧ លានដុល្លារសម្រាប់ឆ្នាំ ២០២៦នេះ។
យ៉ាងណាមិញ តាមរបាយការណ៍ពី Reuter ដដែលបានឲ្យដឹងថា វិបត្តិផ្តល់មូលនិធិរបស់អង្គការសហប្រជាជាតិ កើតឡើងចំពេលដែលសហរដ្ឋអាមេរិកស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald Trump ដែលបាននាំប្រទេសនេះដកថយចេញពីអង្គការផ្សេងៗជាច្រើន។
ហើយការជំពាក់បំណុលរបស់សហរដ្ឋអាមេរិកចំពោះអង្គការសហប្រជាជាតិបានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុង លោក ត្រាំ បានកាន់តំណែងជាប្រធានាធិបតី។ ទោះជាយ៉ាងនេះក្ដី មុនសម្រេចឈានជើងចេញពីអង្គការទាំងនោះ កាលពីថ្ងៃអង្គារ លោក Trump ក៏បានចុះហត្ថលេខាលើច្បាប់ស្តីពីការចំណាយដែលរួមមានចំនួន ៣,១ ពាន់លានដុល្លារ សម្រាប់បំណុលរបស់សហរដ្ឋអាមេរិកដល់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតផងដែរ៕




