វត្តមានរបស់អាវុធនុយក្លេអ៊ែរ នៅតែជាចំណុចរសើប និងការខ្វែងគំនិតគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ ជាក់ស្ដែងកាលពីថ្ងៃសុក្រ មិនទុកមុខឲ្យចិន នៅក្នុងសន្និសីទស្តីពីការរំសាយអាវុធរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ស្រាប់តែមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បានព្រលះទីក្រុងប៉េកាំងចំៗថា បានលួចសាកល្បងធ្វើតេស្តនុយក្លេអ៊ែរដែលផលិតបាននៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០។ នេះបើតាម Al Jazaeera បានចេញផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ។
រងើកភ្លើងពាក្យសម្ដីរវាងអាមេរិក និងចិន ឆេះឡើងរងំជាថ្មី មិនចាំយូរឡើយ ក្រោយការចោទប្រកាន់របស់មន្រ្តីអាមេរិក ឯកអគ្គរដ្ឋទូតចិន បានប្រកាសប្រឆាំងដាច់ខាត និងច្រានចោលការចោទប្រកាន់ដែលគ្មានមូលដ្ឋានរបស់សហរដ្ឋអាមេរិក។ ឯកអគ្គរដ្ឋទូតចិនដដែល បានវាយបកចោទអាមេរិកវិញថា តាមពិតទៅ សកម្មភាពអវិជ្ជមានជាបន្តបន្ទាប់របស់ទីក្រុងវ៉ាស៊ីនក្នុងវិស័យគ្រប់គ្រងអាវុធនុយក្លេអ៊ែរទៅវិញទេ គឺជាប្រភពនៃហានិភ័យដ៏ធំបំផុតចំពោះសន្តិសុខអន្តរជាតិនោះ។
យ៉ាងណាក៏ដោយ ក្រោយការអះអាងចំៗពីមន្រ្តីអាមេរិកក្នុងសន្និសីទស្តីពីការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ អ្នកឃ្លាំមើលអន្តរជាតិបាននិយាយថា ពួកគេមិនបានឃើញភ័ស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាងរបស់មន្ត្រីអាមេរិកខាងលើ ដែលបានចោទប្រកាន់ប្រទេសចិនថា អនុវត្តការធ្វើតេស្តនុយក្លេអ៊ែរដោយសម្ងាត់ជាបន្តបន្ទាប់ក្នុងឆ្នាំ 2020 និងលាក់បាំងសកម្មភាពដែលរំលោភលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរនោះទេ។
ទោះជាយ៉ាងនេះក្ដី មន្រ្តីអាមេរិកដែលបានបញ្ចេញវោហាសាស្រ្តចោទទីក្រុងប៉េកាំងខាងលើ ហាក់នៅតែបង្ហាញការមិនអស់ចិត្តដដែល បើទោះបីជាគ្មានភស្តុតាងណាមួយបញ្ជាក់ថា ចិនលួចធ្វើតេស្តនុយក្លេអ៊ែរក៏ដោយ៕
អត្ថបទដោយ៖ ម៉េង ធីដា






