2026-02-16 08:37
18

បាងកក៖ ក្រសួងសន្តិសុខថៃ បានរាយការណ៍ថា គ្រាប់បែក ចំនួន ០៧ គ្រាប់ បានផ្ទុះបណ្តាក់គ្នា នៅភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ដែលកើតឡើងចំទិវានៃក្តីស្រឡាញ់។

គ្រាប់បែកទាំង ៧ គ្រាប់ ត្រូវបានផ្ទុះនៅស្រុក Yi-ngo និង Rangae ខេត្ត Narathiwat។ គ្រាប់បែកដំបូងបានផ្ទុះម៉ោង ១១ យប់ ហើយបន្តមានការផ្ទុះជាបន្តបន្ទាប់គ្នាធ្វើឱ្យមានការភ័យស្លន់ស្លោរយ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃនេះ។

មន្ត្រីក្នុងតំបន់បានប្រាប់ថា គ្រាប់បែកខ្លះត្រូវបានដាក់ក្នុងធុងសំរាម ហើយការផ្ទុះបានបង្កការខូចខាតដល់ហាងនានា និងម៉ូតូ-រថយន្តចំនួនមួយទៀត ប៉ុន្តែមិនទាន់មានការរាយការណ៍អំពីមនុស្សរងគ្រោះ។

ប៉ូលិសបានបញ្ជាក់ថា ការវាយប្រហារនេះគឺសមាជិកក្រុមផ្តាច់ខ្លួនមូស្លីម ជាអ្នកអនុវត្ត និងពួកគេបានបង្កើនប្រតិបត្តិការមុនពេលពិធីបុណ្យរ៉ាម៉ាឌន៕