2026-02-16 15:17
15

មិនត្រឹមតែជាការព្រមាន តែជាការប្រើសកម្មភាពដែលជ្រកក្រោមពាក្យស្លោក “សម្លាប់មួយគម្រាមមួយរយ” របស់របបយោធាមីយ៉ាន់ម៉ា។ 

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយ ដែលដកស្រង់សម្តីក្រសួងការបរទេសបាននិយាយនៅថ្ងៃចន្ទនេះថា មីយ៉ាន់ម៉ាបានបញ្ជាឱ្យប្រមុខបេសកកម្មការទូតរបស់ទីម័រខាងកើតចាកចេញពីប្រទេសរបស់ខ្លួន ដោយផ្ដល់ឱសាទវាទក្នុងរយៈពេលត្រឹមតែប្រាំពីរថ្ងៃប៉ុណ្ណោះ។ 

ការសម្រេចកាច់ធ្មុងទីម័របែបនេះ ក្រោយអង្គការសិទ្ធិមនុស្សរដ្ឋ Chin (CHRO) របស់ប្រទេសមីយ៉ាន់ម៉ា បានដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋានយុត្តិធម៌នៃប្រទេសទីម័រខាងកើតកាលពីខែមុន ប្រឆាំងនឹងរបបយោធាក្នុងប្រទេសរបស់ខ្លួនដោយបានចោទប្រកាន់ថារបបយោធាមីយ៉ាន់ម៉ាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចាប់តាំងពីរដ្ឋប្រហារឆ្នាំ 2021។ 

ប្រភពពីសារព័ត៌មាន Global New Light of Myanmar បានឲ្យដឹងថា នៅដើមខែកុម្ភៈ អង្គការសិទ្ធិមនុស្សរដ្ឋ Chin (CHRO) បាននិយាយថា អាជ្ញាធរ និងតុលាការរបស់ទីម័រខាងកើតបានបើកដំណើរការនីតិវិធីផ្លូវច្បាប់ប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា រួមទាំងប្រធាន Min Aung Hlaing ផងដែរ បន្ទាប់ពីពាក្យបណ្តឹងត្រូវបានដាក់ស្នើ។ 

ក្រោយព័ត៌មាននេះបានផ្ទុះឡើង មិនចាំយូរឡើយ ក៏មិនចេញបកស្រាយច្រើនដែរ យោធាមីយ៉ាន់ម៉ា បានសម្រេចបណ្ដេញបេសកជនទីម័រខាងកើតភ្លាមៗតែម្ដង ដោយផ្ដល់រយៈពេលត្រឹមតែ៧ថ្ងៃប៉ុណ្ណោះឲ្យវេចបង្វេចចេញពីប្រទេសរបស់ខ្លួន។ 

យោងតាមសកម្មភាពគ្មានច្បាប់ទម្លាប់នេះ សឲ្យឃើញថា អ្នកណាហ៊ានងើប អ្នកនោះនឹងដួលវិញ ក្រោមស្នាដៃ ងើបមួយ វ៉ៃមួយ ពីរបបយោធាមីយ៉ាន់ម៉ា៕