2026-04-03 11:19
12

ព្រំដែន៖  ថៃធ្វើសកម្មភាពបង្កភាពតានតឹងតាមព្រំដែនមិនឈប់ ថែមទាំងប្រើប្រាស់បណ្ដាញវាយប្រហារលាបព័ណ៌បង្ខូចឈ្មោះកម្ពុជាបន្ថែមទៀត ។ 

កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០៦ នេះ ភាគីថៃបានចល័យរថពាសដែកចំនួន ០២ គ្រឿង និងកម្លាំងថ្មើជើងម្រមាណ ៧០ នាក់ នៅច្រកទ្វាអន្តរជាតិអូរស្មាច់ ដើម្បីដាក់រាយបន្លាលួសបន្ថែមចូលក្នុងទឹកដីកម្ពុជា ក្រោយបទឈប់បាញ់ចូលជាធរមាន ប៉ុន្តែត្រូវបានកម្លាំងទាហានកម្ពុជា រារាំងទប់ស្កាត់មិនឲ្យចូល និងអោយដកថយក្រោយវិញ ដោយមិនមានការប៉ះទង្គិចគ្នានោះទេ ។

ស្រាប់តែនៅថ្ងៃដ៌ដែលនោះនៅលើទំព័រផេកហ្វេសប៊ុកផ្លូវការរបស់ Royal Thai Army បានបង្ហោះបែបប្រឌិតលាបព័ណ៌មួលបង្កាច់ទម្លាក់កំហុសលើកម្ពុជាទៅវិញ ក្នុងចេតនា ដើម្បីស្រាយបន្ទុករបស់ខ្លួនក្នុងក្រសែរភ្នែកអន្តរជាតិ ដោយអះអាង ថាការដាក់ពង្រាយរថពាសដែក អមដោយទាហាន ដើម្បីដាក់បន្លាលួសបន្ថែម ជាពង្រឹងរបងលួសបន្លា ហើយចោទកម្ពុជាបង្កសកម្មភាពញុះញង់ នៅតំបន់ច្រកអូរស្មាច់ទៅវិញ ទាំងដែលតំបន់នេះជាទឹករបស់ដីខ្មែរ ត្រូវថៃឈ្លានពាននឹងកំពុងតែកាន់កាប់ដោយខុសច្បាប់ ។ 

ចំពោះការលើកឡើងនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បញ្ជាក់ថា «មិនមែនជាការពិត និងគ្មានមូលដ្ឋាន»។ 

កងកម្លាំងកម្ពុជាតែងអនុវត្តភារកិច្ចដោយគោរពវិន័យយោធា បទបញ្ជារបស់ថ្នាក់ដឹកនាំ និងគោលការណ៍វិជ្ជាជីវៈយ៉ាងតឹងរឹង។ 

កងកម្លាំងកម្ពុជាបន្តប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ការទទួលខុសត្រូវ និងការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីជាតិ ខណៈពេលជាមួយគ្នានេះ ក៏បានខិតខំរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការជៀសវាងភាពតានតឹងនៅតាមតំបន់ព្រំដែនផងដែរ។

អ្នកនាំពាក្យ បន្តថាគួរឱ្យកត់សម្គាល់ ខណៈក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទើបចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះប៉ុណ្ណោះ ស្រាប់តែនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៦:២០នាទីព្រឹក កងកម្លាំងយោធាថៃបានធ្វើសកម្មភាពចល័តរថពាសដែកចំនួន ២គ្រឿង និងកម្លាំងប្រមាណ៧០នាក់ ចូលមកទីតាំងក្នុងភូមិសាស្រ្តច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងបានរាយលួសបន្លាបន្ថែមលើលួសបន្លាចាស់ដែលភាគីថៃបានហ៊ុមព័ទ្ធកាន់កាប់យកដោយខុសច្បាប់ និងធ្វើសកម្មភាពយោធាដោយមិនមានការជូនដំណឹងជាមុនដល់ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤កម្ពុជាឡើយ។ 

ភ្លាមៗបន្ទាប់ពីយោធាថៃធ្វើសកម្មភាព ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤កម្ពុជា បានធ្វើការទាក់ទងទៅកាន់កងទ័ពភូមិភាគទី២ថៃ ឱ្យធ្វើការបញ្ឈប់សកម្មភាពជាបន្ទាន់ និងអំពាវនាវឱ្យយោធាថៃត្រឡប់មកគោរពនូវរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា។

មតិយោបល់ជាច្រើនបានលើកឡើងថា សកម្មភាពបែបនេះអាចត្រូវបានមើលឃើញថា ជាការបង្ហាញសាច់ដុំផ្នែកយោធា និងអាចបង្កការតានតឹងបន្ថែម ប្រសិនបើគ្មានការបកស្រាយ ឬវិធានការដែលមានតម្លាភាពពីភាគីពាក់ព័ន្ធ។

អ្នកតាមដានបញ្ហាភូមិសាស្ត្រនយោបាយ បានលើកឡើងថា ការរក្សាស្ថិរភាព និងសន្តិភាពតាមបណ្តោយព្រំដែន គឺជាបញ្ហាសំខាន់ដែលត្រូវការការប្រុងប្រយ័ត្ន និងការសហការរវាងភាគីទាំងពីរ ដើម្បីជៀសវាងការយល់ច្រឡំ ឬការកើនឡើងនៃភាពតានតឹងដែលអាចប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតំបន់ជាប់ព្រំដែន៕