ប្រតិបត្តិការនេះ ត្រូវបានអនុវត្តក្រោមការបញ្ជារបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងការចុះបង្ក្រាប សមត្ថកិច្ចបានរកឃើញវត្ថុតាងជាច្រើន រួមមានទូរសព្ទ ១៤ គ្រឿង, កុំព្យូទ័រ CPU ០១ គ្រឿង, ម៉ូនីទ័រ ០១ គ្រឿង, iPad ០៣ គ្រឿង ព្រមទាំងអាវ និងមួកនគរបាលជប៉ុន និងឯកសារក្លែងក្លាយជាច្រើនទៀត មានដូចជាពាក្យបណ្តឹង, កិច្ចសន្យា និងដីកាតាមចាប់ខ្លួន គោលដៅទៅប្រទេសជប៉ុនជាដើម។
តាមការស្រាវជ្រាវបឋម បានបង្ហាញថា ជនសង្ស័យបានប្រើប្រាស់ប្រទេសកម្ពុជា ជាគោលដៅសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្លែងខ្លួនជាសមត្ថកិច្ចជប៉ុន និងប្រើឯកសារក្លែង ដើម្បីបំភាន់ជនរងគ្រោះនៅប្រទេសជប៉ុន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកបក្សពួកពាក់ព័ន្ធបន្ថែម។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា «កម្ពុជា មិនអនុញ្ញាតឲ្យក្លាយជាគោលដៅសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យា ឬបទល្មើសឆ្លងដែនឡើយ ហើយអ្នកពាក់ព័ន្ធទាំងអស់ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ដាច់ខាត»៕









