2026-04-26 10:07
6

ក្នុងជំនួបពិសារអាហារជាមួយ អ្នកយកព័ត៌មានសេតវិមាន ស្រាប់តែមានហេតុការណ៍ មានស្នូរគ្រាប់កាំភ្លើងផ្ទុះ ខណៈ Donald Trump ត្រូវបានភ្នាក់ងារសំងាត់ជម្លៀសឲ្យ ចុះពីឆាកភ្លាមៗ។ 

យោងតាម CNN រាយការណ៍នៅថ្ងៃទី២៦ ខែមេសានេះ ថា លោក Donald Trump ត្រូវបានអមដំណើរចុះពីឆាកដោយភ្នាក់ងារ សេវាសម្ងាត់យ៉ាងរហ័ស បន្ទាប់ពីមានរបាយការណ៍អំពីជនសង្ស័យជាខ្មាន់កាំភ្លើង ចូលក្នុងពិធីអាហារពេលល្ងាចអ្នកយកព័ត៌មានសេតវិមាន ក្នុងទីក្រុង Washington, D.C. កាលពីថ្ងៃសៅរ៍។

ប្រភពបានប្រាប់ CNN ថា លោក Trump និងសមាជិករដ្ឋាភិបាលទាំងអស់ មានសុវត្ថិភាព។ ប្រភពបានឲ្យដឹងថា កម្មវិធីត្រូវបានរំពឹងថានឹងបន្តឡើងវិញ បន្ទាប់ពីស្ថានភាពសុវត្ថិភាពត្រូវបានគ្រប់គ្រង។

Jeanine Pirro បាននិយាយថា នាងត្រូវបាននាំចេញពីបន្ទប់រាំ បន្ទាប់ពីឮសំឡេងបាញ់ប្រហារ ហើយបច្ចុប្បន្នសេវាសម្ងាត់កំពុងគ្រប់គ្រងសណ្ឋាគារ។ អភិបាលក្រុង Muriel Bowser និងមន្ត្រីប៉ូលីសកំពុងទៅដល់កន្លែងកើតហេតុ។

សាក្សីពិពណ៌នាហេតុការណ៍ លោក Wolf Blitzer បាននិយាយថា គាត់ឮសំឡេងកាំភ្លើង ហើយត្រូវបានប៉ូលីសជួយអោយគេចចេញទៅកន្លែងមានសុវត្ថិភាព។ គាត់បានពិពណ៌នាថា មានបុរសម្នាក់កាន់អាវុធធ្ងន់ និងបាញ់នៅចម្ងាយជិត។  

ភ្ញៀវជាច្រើនបាននាំគ្នាចូលក្រោមតុ ខណៈភ្នាក់ងារសេវាសម្ងាត់រត់ទៅការពារលោក Trump។

លោក Trump ត្រូវបាននាំចេញពីកន្លែងកើតហេតុ ខណៈមនុស្សជាច្រើនមានការភ័យខ្លាច និងចលាចល។ មន្ត្រីម្នាក់បានបញ្ជាក់ថា មាន “អ្នកបាញ់” នៅក្នុងព្រឹត្តិការណ៍នេះ៕
ប្រែសម្រួលអត្ថបទដោយ៖ ឈួន ណាគ្រី