2023-07-25 08:07
140


ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យ គ.ជ.ប សេចក្តីប្រកាសព័ត៌មាន សរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅសាលប្រជុំមជ្ឈមណ្ឌល វប្បធម៌ នៃវិទ្យាស្ថានជាតិអប់រំ។


   នៅល្ងាចថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៨និង០០ នៅសាលប្រជុំមជ្ឈមណ្ឌល វប្បធម៌ នៃវិទ្យាស្ថានជាតិអប់រំ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានធ្វើការបូកសរុបព្រឹត្តិការណ៍ ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ជូនអ្នកសារព័ត៌មានជាតិ អន្តរជាតិ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធដែលបានចូលរួមជាង ១០០នាក់។
   ក្រុមអ្នកនាំពាក្យ គ.ជ.ប សូមដកស្រង់ និងសង្ខេបនូវចំណុចនីមួយៗដូចខាងក្រោម៖ 
- ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ដែលមានចំនួន ២៣.៧៨៩ការិយាល័យ បាន បើកដំណើរការនៅម៉ោង ៧:០០ព្រឹក ព្រមៗគ្នា។
- ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅចាប់ពីម៉ោង ៧និង០០ ព្រឹករហូតដល់ម៉ោង ៣និង០០ រសៀល ទោះបីមានភ្លៀងនៅតាមរាជធានី ខេត្ត មួយចំនួនយ៉ាងណាក៏ដោយដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅជាប្រក្រតីតាមនីតិវិធី។
- ទម្រង់បែបបទលេខ ១១០២ ដែលជាកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងលទ្ធផល នៃការបោះឆ្នោត ត្រូវបានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបិទផ្សាយភ្លាមផង ដែរនៅមុខការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ហើយភ្នាក់ងារគណបក្សនយោបាយបាន ថតរូបភាព និងចម្លងតួលេខពីកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ទ.១១០២ ដួលបិទផ្សាយ និងបានទៅទទួលយកទម្រង់បែបបទលេខ ១១០២ នៅទីស្នាក់ការ គយ សម នោះ។ អ្នកបានចេញទៅបោះឆ្នោតសរុបទូទាំងប្រទេស មានចំនួន ៨,២១៣ ២៦០នាក់ ស្មើនឹង ៨៤,៥៨% (តួលេខបណ្តោះអាសន្ន) នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៩.៧ ១០.៦៥៥នាក់។
ក្រុមអ្នកនាំពាក្យ គ.ជ.ប បានចាត់ទុលថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយតម្លាភាព ស្ថិតក្រោមការឃ្លាំមើលរបស់ភ្នាក់ងារគណបក្ស នយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ រួមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែល មានចំនួនដូចខាងក្រោម៖


- គណបក្សនយោបាយ ចំនួន ០៨ បានដាក់ភ្នាក់ងារសរុបចំនួន ៥៧.០១២នាក់ ស្តី១៦.៦២៤នាក់ ដើម្បីសង្កេតមើលការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និង ការិយាល័យរាប់សន្លឹកឆ្នោត។

- អ្នកសង្កេតការណ៍ជាតិ សរុបចំនួន ៨៩.៥៦២នាក់ ស្ត្រី ៥២.៦៥២នាក់ មកពី ១៣៤ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
- អ្នកសង្កេតការណ៍អន្តរជាតិ សរុបចំនួន ៦០៤នាក់ មកពី ៦១សា្ថប័ន ក្នុងនោះភ្ញៀវពិសេស មានចំនួន  ១៨នាក់ មកពី ១០ស្ថាប័ន និងអ្នកបកប្រែសម្រាប់អ្នកសង្កេតការណ៍អន្តរជាតិ ចំនួន ១៨២នាក់។
- អ្នកសារព័ត៌មានជាតិ ចំនួន ១.២៨៩នាក់ ស្ត្រី ១៨៥នាក់ មកពី ១២៧ អង្គភាព និងអ្នកសារព័ត៌មានអន្តរជាតិ ចំនួន ១៣៧នាក់ ស្ត្រី ៣០នាក់ មកពី ៣៨អង្គភាព។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនអំពីសភាពការណ៍មុនថ្ងៃបោះឆ្នោតថា គ.ជ.ប បានផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោត សរុបចំនួន ៩.៧១០.៦៥៥សន្លឹក ហើយបណ្ណព័ត៌មានទាំងនេះត្រូវបានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ចែកជូន ដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបាន សរុបចំនួន ៩.២០៩.១៧៧សន្លឹក ស្មើនឹង ៩៤.៨៤ ភាគរយ។
- គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់ បានចេញឯកសារ បញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត (ង.អ) ជូនប្រជាពលរដ្ឋសរុបមាន ចំនួន ២០១,៧៧៨នាក់។

- ទីតាំងការិយាល័យបោះឆ្នោត ចំនួន ១០ នៃខេត្តបន្ទាយមានជ័យ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តតាកែវ និងខេត្តប៉ៃលិន ត្រូវបានផ្លាស់ប្ដូរផ្អែកតាមសំណើរបស់អាជ្ញាធរឃុំ សង្កាត់ ដោយមានការឯកភាព ពីគណៈកម្មការឃុំ សង្កាត់រៀបចំការ បោះឆ្នោតពាក់ព័ន្ធ និងតំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងត្រូវបាន ជូនដំណឹង ឬផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធផងដែរ មុនថ្ងៃបោះឆ្នោត។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនអំពីសភាពការណ៏មុនថ្ងៃបោះឆ្នោត បន្តទៀតថា មានករណីភ្លៀងធ្លាក់ខ្លាំង និងមានអគ្គិភ័យបណ្តាលឱ្យខូចខាតសម្ភារឯកសារបោះឆ្នោត មួយចំនួន ដែលមានទីតាំងដូចខាងក្រោម៖


- នៅគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទឹកលិចបណ្ដាលឱ្យខូចខាតទាំងស្រុងនូវសម្ភារការិយាល័យបោះឆ្នោត និងរាប់សន្លឹក- ឆ្នោតចំនួន ៤កេស និងកេស គឃ.សប ចំនួន ១កេស សរុបចំនួន ៥កេស។
- នៅគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទឹកលិចបណ្ដាលឱ្យខូចខាតទាំងស្រុងនូវសម្ភារការិយាល័យបោះឆ្នោត និងរាប់សន្លឹក ឆ្នោតចំនួន ៤កេស។ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានករណីអគ្គិភ័យឆេះផ្ទះរបស់ សមាជិកគណៈកម្មការឃុំរៀបចំការបោះឆ្នោត ទទួលបន្ទុកលើការងាររដ្ឋបាល បណ្ដាលឱ្យខូចខាតសម្ភារកុំព្យូទ័រមួយចំនួន។
ហើយករណីខាងលើនេះ ត្រូវបាន គ.ជ.ប ចាត់វិធានការដោះស្រាយភ្លាមៗ ដោយបានផ្តល់ សម្ភារ បរិក្ខារថ្មីជំនួសជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធ។
អំពីសភាពការណ៍សន្តិសុខមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទប្រធាន គ.ជ.ប បានបញ្ជាក់ជូនថា៖
- គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍នៃការបោះឆ្នោត និង គ.ជ.ប បានដាក់ចេញនូវសេចក្ដី ណែនាំរួមស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការ ការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងធានាឱ្យការបោះឆ្នោតដំណើរការរលូនល្អ និងប្រកប ដោយសន្តិសុខ និងសុវត្ថិភាព។

- មានការញុះញង់តាមបណ្ដាញសង្គមមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញ សន្លឹកឆ្នោតចោល ត្រូវបាន គ.ជ.ប និងភាគីពាក់ព័ន្ធជាច្រើនបានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកបោះឆ្នោតកុំធ្វើតាមការញុះញង់ខុសច្បាប់ និងសូមឱ្យអញ្ជើញទៅបោះឆ្នោត គ្រប់គ្នា។

- មានបណ្តឹងមួយចំនួនដែល គ.ជ.ប នឹងដោះស្រាយតាមច្បាប់។

   ជារួមឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានវាយតម្លៃថា ដំណើរការបោះឆ្នោតបាន ប្រព្រឹត្តទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ដោយមានកិច្ចសហការល្អពីសំណាក់យន្តការ និងរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ជាមួយ គ.ជ.ប និងគណៈកម្មការរៀបចំការ បោះឆ្នោតគ្រប់លំដាប់ថ្នាក់។

   អំពីការផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបោះឆ្នោត គ.ជ.ប ប្រកាស ផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ចាប់ពីម៉ោង ៧និង០០យប់តទៅ។ ការប្រកាសផ្សាយនេះមាន គោលបំណង៖

- ដើម្បីផ្តល់ជំនឿទុកចិត្តដល់ភាគីពាក់ព័ន្ធទៅលើលទ្ធផលនៃការបោះឆ្នោត។ ដើម្បីផ្សព្វផ្សាយលទ្ធផលបឋមបានឆាប់រហ័សត្រឹមត្រូវច្បាស់លាស់ ទូលំទូលាយ និង មានតម្លាភាព។

- ដើម្បីពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។

- គ.ជ.ប បានសហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) ដោយយកទិន្នន័យតាមទម្រង់បែបបទលេខ ១១០៨ និងទម្រង់បែបបទលេខ  ១១០២ ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងបន្ទាប់ពីគណៈកម្មការគ្រប់គ្រងលទ្ធផលបោះឆ្នោតបឋមន គ.ជ.ប បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បានត្រឹមត្រូវហើយ ដើម្បីផ្សព្វផ្សាយ។ លទ្ធផលបឋមនៃការបោះឆ្នោត នេះ មានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងតាម បណ្ដាញសង្គមផ្លូវការរបស់ គ.ជ.ប។ ប្រព័ន្ធផ្សព្វផ្សាយឯកជនអាចតំណភ្ជាប់ពីទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិ បានផងដែរ។

   បន្ទាប់មក គ.ជ.ប បានឆ្លើយទៅនឹងសំណួរជាច្រើនរបស់អ្នកចូលរួមក្នុងព្រឹត្តិការណ៍យប់ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នោះយ៉ាងក្បោះក្បាយតាមច្បាប់ និងនីតិវិធីនៃការបោះឆ្នោត។

   មុននឹងបញ្ចប់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ ក្នុងការដឹកនាំការអភិវឌ្ឍប្រទេស និងលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា និងសូមថ្លែងអំណរគុណចំពោះ គណៈបញ្ញាការសន្តិសុខអចិន្ត្រៃយ៍ ភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

   ឯកឧត្តមបន្តថា នេះជាការរួមចំណែកធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងសូមបន្តរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាសល្អ ក្រោយថ្ងៃបោះឆ្នោត និងរង់ចាំការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតដោយ គ.ជ.ប។

   តាមប្រតិទិននៃការបោះឆ្នោត លទ្ធផលផ្លូវការនៃការបោះឆ្នោតនឹងត្រូវប្រកាសផ្សាយនៅ ចន្លោះពីថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ តាមករណីគ្មាន ឬមានដាំឲ្យបណ្ដឹង និងករណីគ្មានការបោះឆ្នោតសាជាថ្មី៕