(កែប) ៖ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣នេះនៅក្រោមអធិបតីភាពឯកឧត្តម ឧសថការី បាន បុត្តា អនុរដ្ឋលេខាធិកាក្រសួងសុខាភិបាលបានអញ្ជើញសន្និបាតបូកសរុបការងារក្រុមប្រឹក្សាគណៈឧសថការី ភូមិភាគ ៣ អាណិតទី ២ និងលើកទិសដៅបន្តព្រមទាំងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសម្រាប់អាណិតទី ៣ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានក្រុមប្រឹក្សាគណៈឧសថការីជាតិ អាណត្តិទី ២ នៅមន្ទីរសុខាភិបាលខេត្តកែប។
លោកឱសថការី ប៊ុន យោង អភិបាលរងខេត្តកែប ត្រូវបានអង្គសន្និបាតនៃក្រុមប្រឹក្សាគណៈឱសថការី ភូមិភាគ៣ អាណត្តិទី២ បោះឆ្នោតធ្វើជាប្រធានក្រុមប្រឹក្សាគណៈឱសថការី ភូមិភាគ៣ សម្រាប់អាណត្តិទី៣ បន្ទាប់ពីលោកបានដឹកនាំអស់រយៈពេល២អាណត្តិកន្លងមកនេះ គណៈឱសថការីភូមិភាគ៣ មានខេត្តកែប កំពត តាកែវ និងខេត្តព្រះស៊ីហនុ។
នៅក្នុងឱកាសនោះឯកឧត្តមឧសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានស្នើឱ្យប្រធានថ្មី ធ្វើយ៉ាងណាខិតខំជំរុញឱ្យសមាជិកទាំងអស់ ត្រូវពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីបន្តលើកកម្ពស់វិស័យឱសថក្នុងប្រទេសកម្ពុជា។
ឆ្លើយតបនឹងការសំណូមពរ លោកឱសថការី ប៊ុន យោង អភិបាលរងខេត្តកែបបានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់វិស័យឱសថក្នុងប្រទេសកម្ពុជា សំដៅជំរុញអោយឱសថការីដែលជាសមាជិកខិតខំអភិវឌ្ឍន៍វិជ្ជាជីវៈឱ្យបានល្អ។
ក្នុងនោះក្នុងអាណត្តិទី៣នេះ លោកនឹងខិតខំយ៉ាងណាដឹកនាំសមាជិកចេញទៅទស្សនកិច្ចសិក្សា នៅតាមបណ្តាក្រុមហ៊ុនឱសថទាំងក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីស្វែងយល់ពីទំនើបកម្ម ក្នុងការបំពេញចន្លោះខ្វះខាតរបស់ខ្លួន។
មានប្រសាសន៍របស់ ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងក្នុងអង្គសន្និបាតនៅខេត្តកែប ការរៀបចំអង្គសន្និបាតពេលនេះពិតជាមានសារសំខាន់ណាស់ចំពោះសមាជិក សមាជិកា ដើម្បីបំពេញឲ្យបានពិន្ទុ សម្រាប់ទទួលបាននូវអាជ្ញាប័ណ្ណឱសថការីតាមលក្ខខណ្ឌតម្រូវ សំដៅធានាការអភិវឌ្ឍវិជ្ជាជីវៈបន្តបង្កើនចំណេះដឹង សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ក្នុងការផ្តល់សេវាសុខាភិបាលដល់អ្នកជំងឺ ឬអតិថិជន ស្របតាមក្រមសីលធ៌ម បទដ្ឋានច្បាប់ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។
ទោះជាធ្វើយ៉ាងណាក្នុងអាណត្តិទី ២ កន្លងទៅនេះ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានកោតសរសើរចំពោះគណៈឱសថការីភូមិភាគ ៣ ដែលបានខិតខំអភិវឌ្ឍន៍វិជ្ជាជីវៈបានល្អប្រសើ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានបន្ដថា ការប្រគល់ជូនវិញ្ញាបនបត្រ បញ្ជិកាឱសថការីកម្ពុជា គឺគណៈឱសថការីកម្ពុជា បានអនុវត្តឡើងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រអមវេជ្ជសាស្ត្រ ក្នុងគោលបំណងដើម្បីជំរុញការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងកំណត់និយាមអប្បរបរមា ដើម្បីស្នើសុំនឹងបន្តអាជ្ញាប័ណ្ណឱសថការី ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពឧ្យបានល្អទៅថ្ងៃមុខ។(សឹង រ៉ាត់)