ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា៖ យើងត្រូវផ្តោតសំខាន់លើការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានច្រើន ដើម្បីវាយបកវិញនៅពេលមានព័ត៌មានក្លែងក្លាយ ព្រោះថា នៅក្នុងទ្រឹស្តីនៃព័ត៌មាន “យើងធ្វើច្រើន តែបើយើងអត់ផ្សាយ គឺស្មើនឹងយើងអត់ធ្វើ”។
លោករដ្ឋមន្ត្រីថ្លែងបែបនេះ នៅព្រឹកថ្ងៃច័ន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ឱកាសដឹកនាំប្រជុំក្រុមការងារព័ត៌មានអន្តរក្រសួង-ស្ថាប័ន ចំនួន ៣០ និងអង្គភាពពាក់ព័ន្ធ លើកិច្ចសហប្រតិបត្តិក្នុងការផ្លាស់ប្តូរព័ត៌មាន និងជួយធ្វើការផ្សាយនូវសមិទ្ធិផល និងសកម្មភាពនានារបស់ក្រសួង-ស្ថាប័នអោយបានទូលំទូលាយ តាមប្រពន្ធ័ផ្សព្វផ្សាយជាតិ និងឯកជន។
តាមរយៈកិច្ចប្រជុំនាឱកាសនេះ នឹងឈានទៅបង្កើតក្រុមការងារព័ត៌មានរួមមួយ រវាងក្រសួង-ស្ថាប័នទាំងអស់ ដើម្បីជាភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ជួយគ្នាវាយបកវិញនៅពេលមានព័ត៌មានក្លែងក្លាយ ទាក់ទងជាមួយក្រសួងស្ថាប័នណាមួយ។ ជាមួយនេះក៏ផ្តោតសំខាន់លើការផ្សព្វផ្សាយព័ត៌មានអោយបានច្រើន ព្រោះថា នៅក្នុងទ្រឹស្តីនៃព័ត៌មាន “យើងធ្វើច្រើន តែបើយើងអត់ផ្សាយគឺស្មើនឹងយើងអត់ធ្វើ”៕