2023-10-09 12:10
282

(កែប) ៖  កំណាត់ផ្លូវ ប្របមាត់សមុទ្រខេត្តកែបបានចាប់ផ្តើមដំណើរការចាក់ក្រាលកៅស៊ូនិងសាងសង់សម្រេចបានប្រមាណជិត ៨០ ភាគរយ ចាប់ពីកំពង់ផែកោះទន្សាយរហូតទៅដល់ឆ្នេរសមុទ្រអង្កោលនិងតភ្ជាប់ទៅផ្លូវជាតិលេខ ១៣-៣២ ដែលនឹងបញ្ចប់ទាំងស្រុងនារយៈពេលដ៍ខ្លីខាងមុខនេះ។

នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៣នេះលោក ប៊ុន លី  មេការដ្ឋានបច្ចេកទេសផ្លូវថ្នល់របស់ ADB បានប្រាប់ឲ្យដឹងថា បើគិតមកដល់ពេលនេះសម្រេចបានការសាងសង់បានជិត ៨០ ភាគរយ ប៉ុន្តែនៅសល់ប្រហែលជាង ២០ ភាគរយទៀតខាងបច្ចេកទេសនឹងបញ្ចប់នៅពេលដ៏ខ្លីនៅពេលខាងមុខនេះ។

ផ្លូវប្របមាត់សមុទ្រដែលមានប្រវែងជាង ១២ គីឡូម៉ែត្រ បានតភ្ជាប់គ្នាចាប់ពីកំពង់ផែកោះទន្សាយទៅកាន់ឆ្នេរសមុទ្រអង្កោលតភ្ជាប់ទៅផ្លូវជាតិលេខ១៣-៣២ សាងសង់ ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចំណាយថវិកាប្រមាណ ១០,៥លានដុល្លារអាមេរិក។

លោក ប៊ុន លី មេការដ្ឋានផ្លូវថ្នល់បានបញ្ជាក់បន្ថែមថា អំឡុងមួយរយៈពេលនេះមានភ្លៀងធ្លាក់ ដូច្នេះហើយអាចបង្កការរំខានខ្លះៗដល់ការអនុវត្តន៍គម្រោងទាំងមូល។
ប៉ុន្តែទោះជាយ៉ាងណាមិនបានធ្វើឲ្យប៉ះពាល់ការបញ្ចប់គម្រោងទៅតាមផែនការនោះឡើយ។

លោកបន្ថែមថា បច្ចប្បន្នសម្រេចបានការរៀបចំគ្រឹះខាងក្រោមដែលជាដំណាក់កាលដំបូង ក្នុងនោះការរៀបចំប្រឡាយ និងលូរំដោះទឹកបានរួចរាល់ហើយដែរ នៅសល់តែ ២ ដំណាក់កាលចុងក្រោយទៀតនឹងរួចរាល់។

កំណាត់ផ្លូវប្របមាត់ឆ្នេរចាប់ពីកំពង់ផែកោះទន្សាយរហូតដល់ឆ្នេរសមុទ្រអង្កោលនេះ គឺជាសសៃឈាមទេសចរណ៍មួយតភ្ជាប់ទៅឆ្នេរអង្កោលធម្មជាតិទៅថ្ងៃអនាគតនៅពេលខាងមុខ។

ផ្លូវមួយខ្សែនេះនឹងនាំឲ្យមានកំណើនភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិមកលេង នៅក្នុងឱ្យកាសបុណ្យ ភ្ជុំ បិណ្ឌនេះ ឬបុណ្យ ទានផ្សេងៗ និងមកទស្សនាដើរលេងកម្សាន្តចាប់ពីឆ្នេរអង្កោលទៅដល់កំពង់ផែកោះទន្សាយទីរួមខេត្តកែបនិងធ្វើឱ្យកំណើនភ្ញៀវមកកាន់តែច្រើន ហើយក៏នឹងបញ្ជៀសការកកផ្ទះភ្ញៀវទេសចរទៅដើរលេងកម្សាន្តនៅតាមបណ្តោយឆ្នេរក្នុងភូមិសាស្ត្រខេត្តកែបផងដែរ។

គួរបញ្ជាក់ដែរថា គម្រោងកំណាត់ផ្លូវប្របមាត់សមុទ្រនេះគឺជាអនុគម្រោងមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយានៅតំបន់ឆ្នេរអង្កោលធម្មជាតិ នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងនោះមានអនុគម្រោងចំនួន ២ ទៀត រួមមានទីលានទុកដាក់សំរាមដែលទើបសម្ពោធ និងផ្ទេរឱ្យរដ្ឋបាលខេត្តគ្របគ្រងបន្តនាពេលថ្មីៗនេះ និងគម្រោងកំពង់ផែលើកោះទន្សាយ។(សឹង រ៉ាត់)