2023-10-09 01:10
248

ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀន រត់គេចខ្លួនជាង ៥ឆ្នាំ មានដីកាចាប់ខ្លួន ៧ករណី ព្រមទាំងរឹបអូសបានគ្រឿងញៀនជិត ៣គីឡូក្រាម និង ថ្នាំគ្រាប់ ប្រភេទ មេតំហ្វេតាមីន (WY) ចំនួន ១៦,៤០០គ្រាប់ ព្រមទាំងគ្រាប់បែកដៃ ២គ្រាប់ ។

 សមត្ថកិច្ចប្រាប់ឲ្យដឹង នារសៀលថ្ងៃទី៨ តុលា ថា កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលដឹកនាំពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមចាប់មុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនដែលបានធ្វើសកម្មភាពយ៉ាងសកម្មនៅភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង៣០ នាទី  ឃាត់ខ្លួនជនល្មើស ៣នាក់ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិគោចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបន្តទៅឆែកឆេរបន្ទប់ជួលនៅចំណុច ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

  ជនសង្ស័យទាំង ៣នាក់ ដែលសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀនចាប់ខ្លួន ១. ឈ្មោះ  ឃុន សំអាត ហៅ ស្មី ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មេខ្លោង មានដីកាចាប់ខ្លួនរហូតដល់ ៧ករណី (ពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០២២) ។ ២. ឈ្មោះ ងែន ដាលីន ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធមេខ្លោង) ។ ៣. ឈ្មោះ នាង សុវណ្ណរ៉ា ភេទ ប្រុស ៤៤ឆ្នាំ ជនជាតិខ្មែរ (បណ្តាញ) វត្ថុតាង ដកហូត ម្សៅក្រាមពណ៌សថ្លា ប្រភេទ កេតាមីន (Ketamine) ចំនួន ១កញ្ចប់ធំ ប្រមាណជិត ១គីឡូក្រាម ម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១១កញ្ចប់ ប្រមាណជិត ១គីឡូក្រាម កញ្ជប់ពណ៌ខៀវ និងក្រហម ប្រភេទអ៊ិចស្តាស៊ី (MDMA) ចំនួន ៣៥កញ្ចប់ ថ្នាំគ្រាប់ ប្រភេទមេតំហ្វេតាមីន (WY) ចំនួន  ១៦,៤០០គ្រាប់ ជញ្ចីងថ្លឹងគ្រឿងញៀន  ០១  គ្រឿង គ្រាប់បែកដៃចំនួន  ០២គ្រាប់ បង់អាវុធចំនួន ០១  និងគ្រាប់ចំនួន ០៥គ្រាប់ ទូរស័ព្ទដៃចំនួន ០២ គ្រឿង រថយន្ត ចំនួន ០១គ្រឿង ម៉ូតូ ចំនួន ០២គ្រឿង ។

 ចំពោះករណីនេះសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនជនល្មើស រួមទាំងវត្ថុតាងទៅអយ្យការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។

 សូមជម្រាបជូនថា ប្រតិបត្តិការនេះដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន  និងអនុវត្តតាមបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ៕