2023-10-21 11:57
508

(កែប): រដ្ឋបាលខេត្តកែបរកាលពីនារសៀលថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញទទួលស្វាគមន៍វត្តមានរបស់ប្រតិភូមកពីក្លឹបអ្នកកាសែតកម្ពុជា អ្នកសាព័ត៍មាននិងសមាគមន៍សារព័ត៌មានមកពីប្រទេសថៃ ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី ២០ ខែតុលារហូតដល់ថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២៣នេះ ក្នុងរយៈពេល ២ ថ្ងៃ មកកាន់ខេត្តកែប ។ 

ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកាសែតកម្ពុជា និងលោក Mongkol  Bangprapa ប្រធានសមាគមន៍សារព័ត៌មានថៃ និងអ្នកសារព័ត៌មានទាំងពីរប្រទេស ដោយមានវត្តមានស្វាគមន៍ពីសំណាក់លោក ប៊ុន យោង អភិបាលរងខេត្តទទួលបន្ទុក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្តិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅសាលាខេត្តកែប អមដោយមន្ទីរអង្គភាព និងអាជ្ញាធរក្រុង ស្រុកផងដែរ។ 

លោក ប៊ុន យោង អភិបាលរងខេត្តកែប ទទួលបន្ទុកសារព័ត៌មាន បានទទួលស្វាគមន៍ក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តកែបនាពេលនោះលោកអភិបាលរងខេត្ត បានសម្តែងការត្រេកអរ និងទទួលការស្វាគមន៍យ៉ាងកក់ក្តៅ។ 

ក្នុងជំនួបនោះ លោក ប៊ុន យោង អភិបាលរងខេត្តកែបមានប្រសាសន៍ថា ខេត្តកែបគឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ ធម្មជាតិសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ផងដែរ។ 

លោក ប៊ុន យោង អភិបាលរងខេត្តកែបបានបន្តឱ្យដឹងថា ខេត្តកែប មានខ្យល់សមុទ្រដ៏បរិសុទ្ធ ហើយមានផលវិជ្ជមានសម្រាប់សុខភាព ហើយកន្លងទៅខ្យល់សមុទ្រខេត្តកែប អាចព្យាបាលជំងឺហឺត និងជំងឺស្រ្តេសបាន ដែលនេះជាការអះអាងរបស់ដុកទ័រមកពីប្រទេសបារាំង។

លោក ពុយគា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានសម្តែងការភ្ជាក់ផ្អើលបំពោះការលើកឡើងរបស់អភិបាលរងខេត្តកែប ក្នុងនោះលោកស្នើរឲ្យបណ្តាញសារព័ត៌មាន ផ្សព្វផ្សាយពីចំណុចពិសេសរបស់ខេត្តកែបនេះ ជូនដល់សាធារណៈជនអោយបានកាន់តែទូលំទូលាយ។ 

ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ រដ្ឋបាលខេត្តកែប បានរៀបចំដំណើរទៅស្វែងយល់ពីសក្តានុពលរបស់ខេត្តកែប នៅទីតាំងមួយចំនួនមាន ឧទ្យានជាតិកែប(កន្លែងសត្វកេងកង, ប៉មមើលទេសភាព) ចម្ការម្រេច, ចម្ការត្របែក, ទីលានប្រណាំងសេះខេត្តកែប និងទៅតំបន់មួយទៀតដែលកំពុងប្រែមុខប្រែមាត់ និងធ្វើឱ្យមានការទាក់ទាញខ្លាំង គឺឆ្នេរ អង្កោល ដែលស្ថិតនៅក្នុងភូមិអង្កោល ឃុំអង្កោលស្រុកដំណាក់ចង្អើរខេត្តកែប។(សឹង រ៉ាត់)