ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ចាម បានបង្ហោះលើ Facebook ផ្លូវការ របស់លោក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានលើកឡើងថា៖ «ចាត់ទុកឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងវៀងចន្ទន៍ ពិតជាការទូតឌីជីថលមែន ជួយនារីកម្ពុជាម្នាក់ដែលត្រូវគេបោកយកទៅធ្វើការកន្លែងកាស៊ីណូមួយនៅតំបន់ត្រីកោណមាស ទាន់ពេល និងលឿន »។
លោកក៏សូមថ្លែងសរសើរ និង គោរពឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងវៀងចន្ទន៍ដ៏ស្មោះ ! ប៉ុន្មានថ្ងៃមុន វេលាយប់ខ្ញុំបានទទួលសាររបស់នារីកម្ពុជាម្នាក់ដែលត្រូវគេបោកយកទៅធ្វើការកន្លែងកាសុីណូមួយនៅតំបន់ត្រីកោណមាស ។ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ៖ ខ្ញុំក៏បង្ហោះសារនោះដើម្បីជូនទៅអាជ្ញាធរតែប៉ុន្មានម៉ោងក្រោយខ្ញុំត្រូវលុបចោល ដោយនារីសាមីខ្លួនមិនចង់អោយក្រុមគ្រួសារខ្លួនជ្រួលច្របល់ ។ ខ្ញុំគិតថានឹងបញ្ជូនសារនេះទៅក្រសួងការបរទេសយើងដើម្បីធ្វើអន្តរាគមន៍ ។ ព្រឹកឡើងមិនទាន់ ខ្ញុំទទួលសារពីឯកឧត្តមឯកអគ្គរាជទូតខ្មែរយើងប្រចាំនៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដើម្បីសុំលម្អិតពីរឿងទាំងនេះ ហើយ នៅពេលនេះនារីនេះបានរួចខ្លួនហើយ ។ នេះពិតជាការទូតឌីជីថលមែន ខ្ញុំលុបហើយក្តីតែឯកឧត្តមនៅឈ្មុសឈ្មុលតាមដោះស្រាយរឿងនេះរហូតជួយនារីខ្មែរម្នាក់បាន ។ សូមជូនពរឯកឧត្តមមានជោគជ័យក្នុងភារកិច្ច ក៏ដូចសូមកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួងការបរទេសដែលបណ្តុះបណ្តាលបានជួរមន្ត្រីរាជការដ៏សកម្មៗបែបនេះ ៕