2023-10-22 12:05
466

(ភ្នំពេញ)៖ បន្ទាប់ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្ដល់អំណោយមនុស្សធម៌សម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣ពាន់គ្រួសារ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ដែលក្នុងនោះក៏មានពលរដ្ឋរងគ្រោះក្នុងខណ្ឌកំបូលផងដែរ, ដូចនេះដោយមិនបង្អង់យូរនៅរសៀលនៅថ្ងៃដដែលនេះ សហការីរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានអញ្ជើញចុះទៅសួរសុខទុក្ខ និងផ្ដល់អំណោយសង្គ្រោះដល់ប្រជាពលរដ្ឋងាយរងគ្រោះពីទឹកជំនន់នេះ ដែលកំពុងស្ថិតនៅទីទួលមានសុវត្ថិភាព។
    ការចុះសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌នេះ បានធ្វើឡើងក្រោមវត្ដមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីមន្ដ្រីសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌកំបូល និងអាជ្ញាធរមូលដ្ឋានផងដែរ។
ក្នុងឱកាសនោះលោកស្រី ម៉ែន នារីសោភ័គ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ការនឹករលឹក និងក្ដីអាណិតស្រលាញ់ ពិសេសគឺការគិតគូរ ពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ដោយថ្ងៃនេះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានសម្រេចផ្ដល់អំណោយសម្រាលការលំបាក ជូនដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះជាងគេដោយជំនន់ទឹកភ្លៀងនៅខណ្ឌកំបូល។
    ក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក៏ត្រូវតែមានចំណាត់ការភ្លាមៗជួយដល់ប្រជាពលរដ្ឋយើងផងដែរ។
    «ដូច្នេះអំណោយដែលបានមកពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ យើងនឹងយកមកចែកជូនដល់ប្រជាពលរដ្ឋយើង ដែលកំពុងរងគ្រោះបំផុតនេះ ។ហើយជារៀងរាល់ឆ្នាំ ពេលដែលមានគ្រោះទឹកជំនន់ម្ដងៗយើងតែងតែចេញប្រតិបត្ដិការទៅដល់គ្រប់សាខាទាំង២៥ រាជធានីខេត្ដ ដើម្បីត្រៀមចុះជួយសម្រាលការលំបាកប្រជាពលរដ្ឋ ជាក់ស្ដែងដូចថ្ងៃនេះចឹង គឺមិនទុកឱ្យពលរដ្ឋយើងចោលនោះទេ»។
ទន្ទឹមនឹងនោះ លោកស្រីក៏បានពាំនាំសារអំពាវនាវរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋក្នុងអំឡុងគ្រោះទឹកជំនន់ ឬក្នុងរដូវវស្សានេះផងដែរ៖
* ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងសុវត្ថិភាព ពិសេសសម្រាប់ក្មេងតូច ពីការលង់ទឹក ដែលបណ្ដាលឱ្យបាត់បង់ជីវិត
* ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអាសិរពិសផ្សេងៗ ដោយពិនិត្យឲ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរ ឬសម្ភារៈដែលអាចពស់រស់នៅបាន
* ក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសទិច ឬខាំ ត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល ខណៈមកទល់នឹងពេលនេះ ករណីពស់ចឹកកន្លងមកនេះ គ្រូពេទ្យបានព្យាបាលជា ចៀសផុតពីគ្រោះថ្នាក់ដល់ជីវិតទាំងអស់។
* អំឡុងទឹកជំនន់ ឬទឹកស្រកទៅវិញ ដើម្បីចៀសវាងនូវជំងឺផ្សេងៗដូចជា ជំងឺរាក ពុល និងជំងឺដទៃផ្សេងទៀត
* ត្រូវបរិភោគទឹកស្អាត ដោយដាំទឹកឲ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរ៉ាមីន។ លាងសម្អាតដៃជាមួយសាប៊ូឲ្យបានញឹកញាប់ មុននិងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។
* ត្រូវធ្វើអនាម័យខ្លួនប្រាណឲ្យបានស្អាត ដោយងូតទឹកដុសសាប៊ូ កក់សក់ និងបោកសម្លៀកបំពាក់ឲ្យបានស្អាត ចៀសវាងនូវជំងឺសើស្បែក ពងទឹក និងកមរមាស់ជាដើមដោយទឹកជំនន់ជនលិចនេះ។
មុននឹងបញ្ចប់ការសំណេះសំណាល លោកស្រីក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ សូមចូលរួមថែទាំសុខភាព និងប្រុងប្រយ័ត្នចំពោះ ជំងឺគ្រុនឈាម និងជំងឺភ្នែកក្រហមជាដើម ដែលកំពុងតែកើតមានច្រើននៅកម្ពុជា។
     សូមជម្រាបថា ក្នុងពិធីសំណេះសំណាល និងចែកអំណោយខាងលើនេះ បានធ្វើឡើងនៅវត្តទ្រនំជ្រឹង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលគ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។     ដោយឡែក ទឹកត្រី ៦ដប, ទឹកបរិសុទ្ធ ១កេស និងថវិកា ៣ម៉ឺនរៀល ជាអំណោយរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា បានប្រគេននូវទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនផងដែរ ដល់វត្តទ្រនំជ្រឹង៕