2023-10-22 12:16
545

(តាកែវ)៖ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានបន្តចុះផ្សព្វផ្សាយអប់រំសុខភាព និងផ្តល់អំណោយមនុស្សធម៌យ៉ាងស្រស្រាក់ស្រស្រាំដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត។
    ជាក់ស្តែងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ អ្នកផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង និងស្ត្រីទើបសម្រាលកូនរួច ចំនួន ១២៥គ្រួសារ នៅខេត្តតាកែវ ទទួលបានអំណោយ និងការយល់ដឹងបន្ថែមស្តីពី «មេរោគអេដស៍ ជំងឺអេដស៍ ស្វាយ និងកាមរោគ, អាហារូបត្ថម្ភ, ការថែទាំសុខភាពបឋម, និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ពីកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។
    ការចុះអប់រំ និងផ្តល់អំណោយនេះ បានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកអង្គរបូរី ខេត្តតាកែវ ក្រោមអធិបតីភាពលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ លោកបណ្ឌិត វ៉ា សុភ័ក្ត្រ ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា
និងជាលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។
    ក្នុងឳកាសនោះផ្សព្វផ្សាយអប់រំនោះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះប្រជាពលរដ្ឋថា ការជួបជុំជាមួយបងប្អូននាថ្ងៃនេះ គឺជាឱកាសមួយឈានឆ្ពោះទៅការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ និងជាឱកាសពង្រីកការអប់រំផ្សព្វផ្សាយ ក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា និងជាការបង្ហាញឱ្យឃើញពីឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្ដេជ្ញាក្នុងការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥។
    លោកស្រីបន្តថា បើនិយាយពីឥស្សរជនឆ្នើមថ្នាក់ជាតិ គឺមានតែម្នាក់គត់នៅកម្ពុជា គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទទួលពីអង្គការសហប្រជាជាតិ នូវគោរមងារចំនួន២ គឺឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ទទួលបានថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ និងឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ទទួលបានថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១។
    គោរមងារដ៏ឧត្តុង្គឧត្តមនេះ គឺទទួលបានតាមរយៈការវាយតម្លៃខ្ពស់ពីអង្គការសហប្រជាជាតិ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋ ដោយការរាក់ទាក់ ស្និទ្ធស្នាល ធ្វើជាគំរូនៃការមិនរើសអើងចំពោះអ្នកជំងឺអេដស៍ និងចូលរួមកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍នៅកម្ពុជា ជាពិសេសទប់ស្កាត់ការចម្លងពីម្តាយទៅកូន។
បច្ចុប្បន្ននេះក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ជាង ៧ម៉ឺននាក់ មានជាង ៦ម៉ឺននាក់ប៉ុណ្ណោះ ដែលមកទទួលឱសថប្រឆាំងមេរោគអេដស៍ កត្តានេះនៅតែជាក្តីបារម្ភរបស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ជាពិសេស គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែអំពាវនាវដល់អ្នកផ្ទុកមេរោគអេដស៍ជាង ១ម៉ឺននាក់ទៀត សូមកុំខ្មាស់អៀន មកធ្វើតេស្តឈាមរកមេរោគអេដស៍ លេបឱសថប្រឆាំងមេរោគអេដស៍ ដើម្បីទប់ស្កាត់ការវិវត្តន៍នៃមេរោគអេដស៍ និងធ្វើឱ្យបរិមាណមេរោគអេដស៍ក្នុងខ្លួនធ្លាក់ចុះទាបបំផុត ហើយមិនអាចចម្លងទៅកាន់អ្នកដទៃបាន។
    លោកស្រីក៏បានគូសបញ្ជាក់ពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតលើអភិវឌ្ឍមូលធនមនុស្ស គឺមនុស្សដែលមានសមត្ថភាពខ្ពស់ និងមានសុខភាពល្អ។ ដូចនេះទាក់ទងនឹងការថែទាំសុខភាពបឋម កាកបាទក្រហមកម្ពុជា បានសហការជាមួយក្រសួងសុខាភិបាល ក្នុងការអប់រំផ្សព្វផ្សាយទៅដល់បុគ្គលម្នាក់ គ្រួសារមួយ និងសហគមន៍មួយ ឱ្យមានយល់ដឹងអំពីបញ្ហាសុខភាព អនាម័យ អាហារូបត្ថម្ភ និងការគិតគូរពីការបរិភោគចំណីអាហារឱ្យមានសុវត្ថិភាព កុំបរិភោគប្រៃពេក ផ្នែកពេក ខ្លាញ់ពេក ដែលបង្កឱ្យមានជំងឺផ្សេងៗ។
    មុននឹងបញ្ចប់ការផ្តល់ការអប់រំសុខភាព លោកស្រីបានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវចូលរួមការពារបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការចូលរួមដាំដើមឈើ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាដើម។
ក្នុងឱកាសនោះអ្នកផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង និងស្ត្រីទើបសម្រាលកូនរួចទាំង ១២៥គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានចុះអប់រំផ្សព្វផ្សាយ ក្រើនរំលឹកពីការទប់ស្កាត់ការចម្លងមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ និងកាមរោគ ជាពិសេសការថែទាំសុខភាពបឋម និងចំណេះដឹងផ្សេងៗទាក់ទងនឹងប្រធានបទខាងលើ ។ជាងនេះទៅទៀតគឺអំណោយមនុស្សធម៌ដែលជួយសម្រាលការលំបាករបស់ពួកគាត់ផងដែរ។
    mសម្រាប់គ្រួសារនីមួយៗខាងលើនេះ ទទួលបានអំណោយមនុស្សរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ទឹកត្រី ឬទឹកស៊ីអ៊ីវ ៦ដប និងថវិកា ២ម៉ឺនរៀល។
គួររម្លឹកថាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ជាគំនិតផ្ដួចផ្ដើមបង្កើតឡើង ដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានគោរមងារ ជាឥស្សរជនឆ្នើមថ្នាក់ជាតិចំនួនពីរ ពីអង្គការសហប្រជាជាតិ៕