2023-10-22 12:19
466

(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋដែលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង ៦សង្កាត់ ក្នុងចំណោម៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ចំនួន២,៣០៥គ្រួសារ បានទទួលអំណោយសង្គ្រោះបន្ទាន់ របស់គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំងមានការចូលរួមអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីសាលាក្រុង។ ស្បៀងសង្គ្រោះរបស់រាជ រដ្ឋាភិបាលតាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានចែកជូនដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស។
    លោក ខូយ រីដា បានបញ្ជាក់ថា នេះជាការឆ្លើយតបទៅនឹងសំណូមពរ របស់បងប្អូនប្រជាកសិករ ខណៈពេលដែលលោក និងលោក ទេសរដ្ឋមន្តី្រ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ ដើម្បីពិនិត្យលើស្ថានភាព នៃទំហំផលប៉ះពាល់ខូចខាតជាក់ស្ដែងនាពេលកន្លងទៅ។ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានចែកជូនបងប្អូនប្រជាពលរដ្ឋ ក្រោយពីប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន២,៣០៥គ្រួសារ មកពីសង្កាត់លលកស សង្កាត់ព្រៃញី សង្កាត់រលាប សង្កាត់បន្ទាយដី សង្កាត់ផ្ទះព្រៃ និងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ គ្រាន់តែជួយសម្រួល និងដោះស្រាយជីវភាពបានមួយរយៈពេលគឺមិនអាចទទួលទានយូរអង្វែងនោះទេ កត្តាដែលសំខាន់នោះ សូមបងប្អូនប្រជាពលរដ្ឋត្រូវបន្តការដាំដុះចិញ្ចឹមសត្វ និងប្រកបមុខរបរផ្សេងៗទៀតទើបប្រសើរ។
   លោកបានផ្តាំផ្ញើថា ក្រោយពីទឹកស្រកទៅវិញនោះ សូមឱ្យប្រជាពលរដ្ឋយើងត្រៀមលក្ខណៈធ្វើស្រែបន្ត ក្នុងគោលបំណងស្តារឡើងវិញ បើខ្វះពូជសូមទំនាក់ទំនង ជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ដើម្បីដោះស្រាយជូន។ លោកសូមឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានការទំនាក់ទំនងផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ត្រូវស្គាល់អំពីសុខទុក្ខ ជាប់ជានិច្ចព្រោះថា បងប្អូនប្រជាពលរដ្ឋយើងនេះហើយ ជាអ្នកកំណត់បាន នូវជោគវាសនាប្រទេសជាតិ ក៏ដូចជាអ្នកជម្រុញចលករ កម្លាំងសេដ្ឋកិច្ចឲ្យដើរទៅមុខ។ ដូចគ្នានោះដែរ កិច្ចការបន្ទាប់ ប្រសិនបើបងប្អូនមានបញ្ហាទាក់ទងទៅនឹងការងារបង្កបង្កើនផល សូមទំនាក់ទំនង ទៅអាជ្ញាឃុំ ដើម្បីជំនាញកសិកម្មយើង បានចុះជួយអន្តរាគមន៍ ទាន់ពេលវេលា។ លោកបានថ្លែងជម្រាបជូនទៀតថា ការអនុវត្តប្រព័ន្ធស្បៀងបម្រុងនេះ គឺជាទស្សនៈវិស័យដ៏វែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ការលើកទឹកចិត្ត និងជម្រុញចលនាបង្កបង្កើនផល ជាពិសេសគឺផ្តោតទៅលើប្រជាពលរដ្ឋគោលដៅអាទិភាព ដែលកំពុងជួបបញ្ហាប្រឈមជីវភាព បណ្តាលមកពីគ្រោះធម្មជាតិ។
   លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា ក្រុងពោធិ៍សាត់បានទទួលរងការប៉ះពាល់ជំនន់ទឹកភ្លៀង នៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៣ ធ្វើឲ្យមានការប៉ះពាល់នូវហេដ្ឋារចនាសម្ព័ន្ធ ភូមិដ្ឋាន និងផលដំណាំ ចំនួន៧សង្កាត់ ស្មើ៧៣ភូមិ ប្រជាពលរដ្ឋ៦,៤៥៨គ្រួសារ ស្មើនឹង៥,៨៥៦ខ្នងផ្ទះ ជម្លៀសមនុស្ស៨៧៩គ្រួសារ។ ដំណាំកសិកម្មស្រូវជាង៣ពាន់ហិកតា ក្នុងនោះខូចអស់ជាង១ពាន់ហិកតា និងខូចខាតនូវហេដ្ឋាចនាសម្ពន្ធ័ជាច្រើនខ្សែ និងបានចែកជូនស្បៀងរួចមកហើយបានចំនួន៣,០៣៨គ្រួសារ។
   គួរជម្រាបជូនថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣កន្លងទៅ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានចែកជូននូវស្បៀងសង្គ្រោះបន្ទាន់ របស់រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង មកពីឃុំអន្លង់វិល ឃុំស្យា ឃុំកញ្ជរ ឃុំកណ្តៀង ឃុំស្រែស្តុក ឃុំកោះជុំ ឃុំវាល និងឃុំស្វាយលួង ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ចំនួន១,០៩៣គ្រួសារ និងគ្រោងបន្តចែកជូន នៅស្រុកបាកាន និងស្រុកកណ្តៀងបន្ថែមទៀត៕