2023-11-08 16:37
612

សៀមរាប៖ ក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកវះកាត់ នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផាទី៤) បានធ្វើការវះកាត់ជួយសង្គ្រោះទារកម្នាក់ ដែលមានអាយុជាង ២ខែ បន្ទាប់ពីកើតមកមានអវៈជីវៈ ចំនួន ចម្លែកខុសប្រក្រតីប្រកដោយជោគជ័យ និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះ និង៣ខែក្រោយត្រូវវិលត្រឡប់មកវិញ ដើម្បីបិទពោះវៀន និងជួសជុលរុន្ធគូតបន្តទៀត។

យោងតាមការចេញផ្សាយរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅថ្ងៃទី០៨ ខែវិច្ឆិកានេះ បានឲ្យដឹងថា «ទារកអាយុ ២ខែ មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រសូត្រតាមផ្លូវធម្មជាតិ ដោយមានមកពីកំណើតនូវអាវៈជីវៈលើ៤ (ដៃ៤ ជើង៤) (Parasitic twin or Conjoined twin) form heteropagus, acephalus and acardius) និងមានរន្ធគូទត្បៀតជិត (Anal imperforation) បានចូលសំរាកព្យាបាលនៅផ្នែកសង្គ្រោះទារក (NICU) ហើយ ត្រូវបានវះកាត់ដោយ គ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ហៅមន្ទីរគន្ធបុប្ផាទី៤ ដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន និងលោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន»។

តាមការបញ្ជាក់របស់មន្ទីរគន្ធបុប្ផាទី៤ បានឱ្យដឹងថា «ទារករូបនេះ បានឆ្លងការវះកាត់ ចំនួន ០៤លើក ដោយជោគជ័យ។ ការវះកាត់លើកទី ១ គឺ ការវះកាត់យកអវៈយវៈលើ ១គូរ (ដៃ)ចេញ, ការវះកាត់លើកទី ២ គឺ ការវះកាត់ដោយចោះពោះវៀនធំ ដើម្បីឱ្យទារកបន្ទោបង់លាមកតាមចង្កេះ (colostomy) បណ្តោះអាសន្ន, ការវះកាត់លើកទី ៣ គឺ ការវះកាត់យកអវៈជីវៈក្រោម ១គូរ (ជើង) ចេញ និងការវះកាត់លើកទី ៤ គឺ ការវះកាត់យកឆ្អឹង pubis ដែលខូចទំរង់ពីកំណើតចេញ»។ 

ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានបញ្ជាក់បន្ថែមថា «ក្រោយការព្យាបាលដោយវះកាត់ទាំង ០៤លើក ទារកមានសុខភាពល្អ មានការលូតលាស់ និងធំធាត់ប្រក្រតី ដោយមានការជួយសង្គ្រោះដ៏ល្អ និងមានប្រសិទ្ធិភាពពីក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះទារក (NICU)»។ លុះនៅព្រឹកថ្ងៃអង្គារ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទារករូបនេះ បានចេញទៅផ្ទះដោយស្នាមញញឹមជាមួយឪពុកម្តាយ ដោយមានការណាត់ជួបគ្រូពេទ្យវះកាត់យើង ៣ខែក្រោយវិញ ដើម្បីបិទពោះវៀនវិញ និងជួសជុលរន្ធគូទ។

សូមរំឭកថា ស្រ្តីជាម្តាយម្នាក់ មានឈ្មោះ សាំង ឃីម អាយុ ៣២ឆ្នាំ ប្តីឈ្មោះ សុខ ខេន អាយុ ៣៤ឆ្នាំ មានទីលំនៅ ភូមិអូរកណ្តុរ ឃុំសន្តិភាប ស្រុកសំពៅលុន ខេត្តបាត់ដំបង ប្រសូត្របានទារកចម្លែកមានដៃ៤ និងជើង៤ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ មានទម្ងន់ ៣,៧០០ក្រាម។ ទារកចម្លែកនេះជាកូនទី៥ របស់ស្រ្តីខាងលើនេះ ដោយកូនប្រុស ០៣នាក់ ស្រី ០២នាក់ មានកាយសម្បទានធម្មតា ខុសប្លែកតែកូនចុងក្រោយនេះប៉ុណ្នោះ។ ប្រសូតមកមានជើងបួន ដៃបួនបន្ថែមចាប់ជាមួយអាវៈជីវៈខាងក្រោម និងមានជីវិតធម្មតា បៅបាន បន្ទោបង់បាន និងត្រូវបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប តាមសំណូមពររបស់ក្រុមគ្រួសារ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣៕