ភ្នំពេញ៖ បន្ទាប់ពីតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ប្រកាសទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ ចំនួន ០២រឿង ពាក់ព័ន្ធបណ្តឹងពីបទ « បរិហារកេរ្តិ៍ជាសាធារណៈ កំហែងយកប្រាក់ និងញុះញង់ឲ្យមានការរើសអើង និងបទ «រំលោភលើទំនុកចិត្ត បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង» រវាងគណៈគ្រប់គ្រងសាកលវិទ្យាល័យ ឥន្រ្ទវិជ្ជា ជាមួយស្ត្រីជាអ្នកម៉ៅការបំពាក់កញ្ចក់ ខណៈពេលនេះភាគីជម្លោះទាំងពីរបានសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការស្របតាមយុទ្ធសាស្ត្រនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅរសៀលថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា «តំណាងអយ្យការបានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ ចំនួន ០២រឿង» មានដូចខាងក្រោម៖
ទី១- សំណុំរឿងព្រហ្មទណ្ឌលេខ ៤៨១៨ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដែលមានដើមបណ្ដឹងសាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា តំណាងដោយឈ្មោះ ឈឿន សាវន ប្តឹងលើឈ្មោះ ហ៊ឹង ប៊ុនធឿន ឈ្មោះ សាទ ដាលីស និងបក្ខពួកពីបទ៖ បរិហារកេរ្តិ៍ជាសាធារណៈ កំហែងយកប្រាក់ និងញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តនៅរាជធានីភ្នំពេញ។
ទី២- សំណុំរឿងព្រហ្មទណ្ឌលេខ ៥៧៤០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ដែលមានដើមបណ្តឹងឈ្មោះ សាទ ដាលីស ប្តឹងលើឈោ្មះ លី សាម៉េត ឈ្មោះ ឡាច សំរោង និងឈ្មោះ ឈឿន សាវន ពីបទ៖ រំលោភលើទំនុកចិត្ត បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងប្តឹងលើឈ្មោះ ហង្ស បូរី ពីបទ៖ បរិហារកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។
ក្រោយពីតំណាងអយ្យការបានធ្វើការស៊ើបអង្កេត ពិនិត្យផ្ទៀងផ្ទាត់លើភស្តុតាងនានា ព្រមទាំងបានស្ដាប់ ចម្លើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់លើសំណុំរឿងព្រហ្មទណ្ឌទាំង ០២ ខាងលើរួចមកឃើញថា «បណ្តឹងរបស់ភាគីទាំងអស់ខាងលើ គឺផ្តើមចេញពីវិវាទកិច្ចសន្យាផ្គត់ផ្គង់កញ្ចក់របស់ក្រុមហ៊ុន អឺបឺន វីនឌ័រ (យូដាប់ប៊ែលយូរ) ដើម្បីបំពាក់លើអគារសាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា ដែលករណីនេះ ជាវិវាទរដ្ឋប្បវេណី និងត្រូវធ្វើការដោះស្រាយដោយសកម្មភាពបណ្តឹងរបស់ភាគី នៅតុលាការរដ្ឋប្បវេណី»។
ដោយផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតនេះ តំណាងអយ្យការ បានចេញនូវសេចក្តីសម្រេចដូចខាងក្រោម ៖
ក- សំណុំរឿងព្រហ្មទណ្ឌលេខ ៤៨១៨ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ តំណាងអយ្យការបានសម្រេចតម្កល់រឿងទុកឥតចាត់ការ តាមដីកាលេខ ១២៦៧ អ.យ.ឈ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយភាគីមាន សិទ្ធិដើម្បីប្តឹងតវ៉ានឹងដីកានេះតាមច្បាប់។
ខ- សំណុំរឿងព្រហ្មទណ្ឌលេខ ៥៧៤០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ តំណាងអយ្យការបានសម្រេច តម្កល់រឿងទុកឥតចាត់ការចំពោះពាក្យបណ្តឹងរបស់ឈ្មោះ សាទ ដាលីស ប្តឹងលើឈ្មោះ លី សារម៉ត ឈ្មោះ, ឡាច សំរោង និងឈ្មោះ ឈឿន សាវន ពីបទ៖ រំលោភលើទំនុកចិត្ត បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យមានការរើសអើង តាមដីកាលេខ ១២៧១ អ.យ.ធ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយភាគីមានសិទ្ធិដើម្បីប្ដឹងតវ៉ានឹងដីកានេះតាមច្បាប់។
ចំពោះពាក្យបណ្ដឹងរបស់ឈ្មោះ សាទ ដាលីស ប្ដឹងលើឈ្មោះ ហង្ស បូរី ពីបទ «បរិហារកេរ្ដិ៍ជា សាធារណៈ និងញុះញង់ឲ្យមានការរើសអើង» តំណាងអយ្យការបានសម្រេចចោទប្រកាន់ និងបញ្ជូនសំណុំរឿងទៅជំនុំជម្រះលើឈ្មោះ ហង្ស បូរី តាមដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់លេខ ១៩៩ អ.យ.ធ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពីបទ « ជេរប្រមាថជាសាធារណៈ» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
នៅយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យ ឥន្រ្ទវិជ្ជា បាមប្រកាសអំពីការបញ្ចប់វិវាទរវាងសាកលវិទ្យាល័យ ឥន្រ្ទវិជ្ជា និងភាគីក្រុមហ៊ុនកញ្ចក់តំណាងដោយលោកស្រី សាទ ដាលីស និងលោក ហឹង ប៊ុនធឿន បានព្រមព្រៀងគ្នាដោយឆន្ទះសុចរិត នៅក្នុងគោលការណ៍សមធម៌ និងសាមគ្គីភាព ដើម្បីបញ្ចប់វិវាទពាក់ព័ន្ធទៅនឹងការតម្លើងកញ្ចក់ឲ្យអគារសាកលវិទ្យាល័យ ឥន្រ្ទវិជ្ជាស្របតាមគោលនយោបាយ ឈ្នះ=ឈ្នះ ក្រៅប្រព័ន្ធតុលាការ ដោយគ្មានភាគីខាងណាឈ្នះ និងភាគីចាញ់នោះទេ។
គូភាគីទាំងពីរបានព្រមព្រៀងគ្នា នៅក្នុងការបញ្ចប់វិវាទនេះ ដោយការដកគ្រប់បណ្តឹងទាំងអស់ ដែលគូភាគីបានដាក់នៅតុលាការ។ ជាក់ស្តែង នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ ភាគីសាកលវិទ្យាល័យឥន្រ្ទវិជ្ជា បានដាក់ពាក្យដកបណ្តឹងជាផ្លូវការទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្របតាមស្មារតី នៃកិច្ចព្រមព្រៀងរួចរាល់ជាស្ថាពរ៕