2023-11-09 08:36
556

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ អគ្គស្នងការដ្ឋានគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការបញ្ជូនជនសង្ស័យជនជាតិជប៉ុន ចំនួន ២៥នាក់ និងវត្ថុតាងបណ្តេញចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដោយទីភ្នាក់ងារនគរបាលជាតិជប៉ុន បានធ្វើការបញ្ជូនយន្តហោះ និងកងកម្លាំងនគរបាលមកធ្វើការអមជនសង្ស័យ ដើម្បីយកអនុវត្តនីតិវិធីផ្តន្ទាទោស។

ជនសង្ស័យទាំងនេះ ត្រូវបានបង្ក្រាបកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅទីតាំងអាគារលេខ ៦៩ (D.B.Ly Tower) តាមបណ្តោយផ្លូវលេខ ១៥C សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធទូរសព្ទ (Online) ទៅលើជនរងគ្រោះនៅប្រទេសជប៉ុន។

សមត្ថកិច្ចនគរបាលកម្ពុជា បានធ្វើការដាស់តឿន និងក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់អាគារជួល ឬទីតាំងជួលនានាឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះការជួលទីតាំងរបស់ខ្លួនទៅឲ្យជនបរទេស ដោយត្រូវសាកសួរព័ត៌មាន អំពីគោលបំណងនៃការជួល និងត្រូវមានពិនិត្យឲ្យបានច្បាស់លាស់ចៀសវៀងនាំឲ្យទៅតាំងរបស់ខ្លួនត្រូវបានប្រើប្រាស់ធ្វើសកម្មភាពបទល្មើស ឬខ្លួនផ្ទាល់អាចក្លាយទៅជាអ្នកសម្រួលផ្ដល់ទីតាំងដល់ប្រពឹត្តបទល្មើសផងដែរ។

កន្លងមកប្រទេសកម្ពុជា បានក្លាយជាប្រទេស រងគ្រោះដោយសារជនបរទេស តែងតែយកកម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើសដោយលួចលាក់ធ្វើឲ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះរបស់កម្ពុជាលើឆាក អន្តរជាតិ។ 

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការស្រាវជ្រាវបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពផងដែរ៕