ភ្នំពេញ៖ ភេសជ្ជៈប៉ូវកម្លាំង WURKZ របស់ក្រុមហ៊ុន KHMER BEVERAGES (ខ្មែរប៊ឺវើរីជីស) បានធ្វើការឧបត្ថម្ភៈផ្តេចមុខ ក្នុងការប្រកួតដណ្តើមពានរង្វាន់បាល់ទះ សម្តេចក្រឡាហោម ស ខេង សមាជិកក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រដូវកាលទី២ ប្រចាំឆ្នាំ២០២៣។
សម្រាប់ការប្រកួតពានរង្វាន់សម្តេចក្រឡាហោ ស ខេង ឆ្នាំ២០២៣នេះ ចាប់ផ្តើមបើកការប្រកួត នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅពហុកីឡាដ្ឋានជាតិ (ស្តាតអូឡាំពិក) ចាប់ផ្តើមការប្រកួតនៅម៉ោង ៨និង០០ព្រឹកតទៅ ដោយមានក្រុមកីឡាករបាល់ទះ ព្រៃវែង Vs ព្រះវិហារ, ស្ទឹងត្រែង (ខ) Vs កណ្តាល, អង្គរក្ស Vs បាត់ដំបង បើកឆាកថ្ងៃដំបូងសម្រាប់វគ្គសន្សំពិន្ទុ។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ង បានថ្លែងថា «ដើម្បីឲ្យវិស័យកីឡាយើងឈានដល់ប្រកួតលំដាប់ពិភពលោកបានទាល់តែខិតខំបណ្តុះបណ្តាលធនធានកីឡាកររបស់យើងឲ្យខ្លាំង និងពូកែ»។ អ្នកឧកញ៉ាបន្ថែមទៀតថា «យើងត្រូវរួមគ្នាផ្សព្វផ្សាយ និងបង្ហាញទៅទស្សនិកជនថាវិស័យកីឡាបានរីកចម្រើនទៅមុខឥតឈប់ឈរ។ បងប្អូនទស្សនិកជនអញ្ជើញទៅទស្សនាដើម្បីគាំទ្រហើយក្រុមហ៊ុននឹងជំរុញសហព័ន្ធដើម្បីធ្វើម៉េចឲ្យវិស័យកីឡាកាន់តែទូលំទូលាយ»។
សូមជម្រាបថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន KHMER BEVERAGES (ខ្មែរប៊ឺវើរីជីស) ចុះកិច្ចព្រមព្រៀង និងការចាប់ពូលការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ ដោយភេទសជ្ជៈប៉ូវកម្លាំង WURKZ ឧប្ថម្ភផ្តាច់មុខតែម្តង។
ពិធីកិច្ចព្រមព្រៀងនោះ ក្រោមអធិបតីភាពលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាមួយអ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ឯ.ក. ប្រកបដោយបរិយាកាស រីករាយ និងស្និទ្ធស្នាល នៅផ្សារ ជីប ម៉ុង ២៧១ មេហ្គា ម៉ល រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទះកម្ពុជាសូមជម្រាបជូន សមាគម/ក្លិប ដែលបានចូលរួមក្នុងការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ និងសាធារណជនមេត្តាជ្រាបថា៖ «ការប្រកួតដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក»៕