កំពង់ឆ្នាំង៖ ក្រុមមន្ត្រីរដ្ឋបាលជនរាប់ទាំងសង្កាត់ផ្នែកអធិការ និងខណ្ឌនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទហាក់ដេកលង់លក់បណ្តែតបណ្តោយឲ្យកើតមានបទល្មើសនេសាទដោយខុសច្បាស់ពាសពេលផ្ទៃទន្លេបឹងបួរ រហូតមន្ត្រីនៃមន្ទីរចុះទៅបង្ក្រាប និងកាប់បំផ្លាញចោលនូវឧបករណ៍នេសាទស្បៃមុងខុសច្បាប់ ចំនួន ១២ របាំងប្រវែង ៦០០ម៉ែត្រ នៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
លោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលគិរី ចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងស្បៃមុងនៅក្នុងភូមិសាស្ត្រស្រុកជលគីរី។
លោកអនុប្រធានមន្ទីរ បានប្រាប់កាសែតថា កិច្ចប្រតិបត្តការនេះ ប្រើប្រាស់មធ្យោបាយការណូត ចំនួន ០៥គ្រឿង កម្លាំងសរុបចំនួន ១៩នាក់ ចុះប្រតិបតិ្តការបង្ក្រាបបទល្មើសនេសាទស្បៃមុង នៅក្នុងភូមិសាស្រ្តឃុំព្រៃគ្រី ស្រុកជលគិរី រកឃើញការនេសាទប្រើឧបករណ៍របាំងលូស្បៃមុងខុសច្បាប់ នៅចំណុចទួលគោកទន្សាយ និងចំណុ ចភ្នំដង ភូមិព្រៃគ្រីខាងជើង, បឹងខ្លែងក្រូច ភូមិកោះធំ ។
លទ្ធផលសមត្ថកិច្ចបានឯកភាពគ្នាធ្វើការចុះរុះរើ និងកាប់បំផ្លាញចោលវត្ថុតាងនូវនឹងកន្លែង រួមមាន៖ របាំងលូស្បៃមុង ចំនួន ១២កន្លែង ប្រវែង ៦០០ម៉ែត្រ, លូស្បៃមុង ចំនួន ១២មាត់, បង្គោលចំនួន ២ ៥០០ដើម និងចាក់កូនត្រីល្អិតចម្រុះចំនួន ៥០គីឡចូលទៅក្នុងបឹងធម្មជាតិវិញ។
លោក ងិន ហ៊ុន ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានលើកឡើងថា ពាក់ព័ន្ធបទល្មើសនេសាទនេះ លោកធ្លាប់បានធ្វើការដាស់តឿនមន្ត្រីជលផលទាំងលោកនាយខណ្ឌ, លោកនាយផ្នែក និងនាយសង្កាត់គ្រប់មន្ត្រីជលផលទាំងអស់ថា «ត្រូវយកចិត្តទុកដាក់ចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវជាប្រចាំ ដោយមិនត្រូវបណ្ដោយឱ្យកើតមានបទល្មើសនេសាទច្រើននោះឡើយ។
លោកប្រធានមន្ទីរបន្ថែមថា «ក្នុងករណីមានបទល្មើសនេសាទច្រើនមិនចុះបង្ក្រាបនៅក្នុងដែនសមត្ថកិច្ចផ្នែកសង្កាត់ណាមួយនោះ គឺលោកនាយផ្នែក, លោកនាយសង្កាត់ និងនាយខណ្ឌត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់»៕