ភ្នំពេញ៖ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានប្រកាសលាលែងតំណែងពីអនុប្រធានគណបក្ស នៅព្រហស្សត្តិ៍ ទី០៩ វិច្ឆិកា នេះ ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ ដែលទើបបង្កើតថ្មី និងមានគោលនយោបាយដើរតាមមាគារគណបក្សភ្លើងទាន។
នៅក្នុងសន្និសីទនាថ្ងៃព្រហ្សត្តិ៍នេះ លោក រ៉ុង ឈុន បានបញ្ជាក់ថា «គណបក្សកម្លាំងជាតិ ដែលទើបនឹងបង្កើតថ្មីនេះ គឺជាមែនធាងដែលបែកចេញពីគណបក្សភ្លើងទៀន បង្កើតដោយអតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនតែម្តង»។
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានអះអាងថា «ចំពោះមូលហេតុដែលនាំឲ្យលោកសម្រេចចិត្តចាកចេញពីគណបក្សភ្លើងទៀននោះ ដោយសារតែគណបក្សនេះ ពុំត្រូវបានអនុញ្ញាតឱ្យចូលរួមបោះឆ្នោតនានា។ បើទោះជាគេដឹងថា គណបក្សប្រឆាំងធំជាងគេនៅកម្ពុជាមួយនេះកំពុងចងសម្ព័ន្ធភាពជាមួយគ្នាគណបក្សនយោបាយ ចំនួនបីផ្សេងទៀត និងកំពុងចាប់យកគណបក្សឆន្ទៈខ្មែរធ្វើជាបក្សសម្ព័ន្ធ ដើម្បីចូលរួមក្នុងការបោះឆ្នោតអសកល នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះក្តី»។
លោក រ៉ុង ឈុន បានបន្ថែមថា «ដើម្បីបន្តចរន្តនយោបាយ ដែលជាមូលដ្ឋានអ្នកប្រជាធិបតេយ្យឱ្យកាន់តែរីកធំធាត់ទៅមុខឈានទៅដឹកនាំប្រទេស លោកសម្រេចចូលរួមជាមួយ គណបក្សកម្លាំងជាតិ ដែលអតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ស៊ុន ចន្ធី ទើបបង្កើតនាពេលថ្មីៗនេះ»។
សូមបញ្ជាក់ថា គណបក្សភ្លើងទៀន ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនអនុញ្ញាតឱ្យចូលរួមបោះឆ្នោតជាតិ កាលពីឆ្នាំ២០២៣ និងបោះឆ្នោតអសកលឆ្នាំ២០២៤ ខាងមុខ ក្រោមហេតុផលខ្វះឯកសារចុះបញ្ជីច្បាប់ដើមរបស់គណបក្ស ដោយសារតែបាត់ ប៉ុន្តែមជ្ឈដ្ឋានជាតិ និងអន្តរជាតិចាត់ទុកថា នេះជាការធ្វើទុក្ខបុកម្នេញពីសំណាករដ្ឋាភិបាលលើគូប្រជែងនយោបាយរបស់ខ្លួន៕