2023-11-11 12:24
621

ភ្នំពេញ៖ ទីតាំងហាងម៉ាស្សា និងកោសជប់ ចំនួន ០៤កន្លែង ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាប និងរកឃើញនារីៗចាំទទួលបម្រើសេវា ចំនួន ១៥នាក់។

ការចុះបង្ក្រាបហាងម៉ស្សា កោសជប់បង្កប់សេវាកម្មបម្រើផ្លូវភេទខាងលើ ធ្វើឡើងនៅយប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានទីតាំងបែបនេះជាច្រើនកន្លែងទៀត ដែលសមត្ថកិច្ចមិនទាន់បង្ក្រាប។


ចំពោះទីតាំងដែលសមត្ថកិច្ចចម្រុះចុះបង្ក្រាប រួមមាន៖ 
ទី១- ហាងម៉ាស្សាកោសជប់ «៩៩៩» ផ្ទះគ្មានលេខ ផ្លូវ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញនារី ចំនួន ០៥នាក់ ក្នុងនោះថៅកែម្នាក់។
ទី២- ហាងម៉ាស្សា «៧៧៧» ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ឆែកឆេររកឃើញនារី ចំនួន ០៤នាក់។ 
៣- ហាងម៉ាស្សា «៩៩៩៩» ផ្ទះលេខ ១១០០ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញនារី ចំនួន ០៣នាក់ ក្នុងនោះថៅកែម្នាក់។
៤- ហាងម៉ាស្សាកោសជប់ «៩៩៩៩» ផ្ទះលេខ០១ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញនារី ចំនួន ០៣នាក់ ក្នុងនោះថៅកែម្នាក់។

បច្ចុប្បន្ន នារីទទួលបម្រើសេវាកម្មម៉ាស្សា កោសជប់បង្កប់សេវាបម្រើផ្លូវភេទ និងជនសង្ស័យ រួមទាំងវត្ថុតាងប្រគល់ឲ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការបន្តតាមនិតិវីធីច្បាប់៕