ភ្នំពេញ៖ រាជរដ្ឋាភិបាលយល់ព្រម លើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២៣រហូតដល់ឆ្នាំ២០២៨ និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន៥០% ។
ចំពោះការអនុគ្រោះលើកលែងការបង់ពន្ធជូនរដ្ឋសម្រាប់សារព័ត៌មានអនឡាញរបស់រាជរដ្ឋាភិបាលពិតជាដំណឹងល្អសម្រាប់បងបងប្អូនសារព័ត៌មានអនឡាញ។
ស.ជ.ណ. របស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា យោងតាមលិខិតរបស់ក្រសួងព័ត៌មាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣, រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន៥០%។
ពាក់ព័ន្ធបញ្ហានេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញ ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ ចំនួន ៩១៧អង្គភាព។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់បងប្អូនដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទ និងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា «នេះជាសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីការលើកលែងពន្ធប៉ាតង់សារព័ត៌មានអនឡាញប្រភេទធុនតូចជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០%» ៕