ភ្នំពេញ៖ ប្រជាពលរដ្ឋបានស្នើសុំការអន្តរាគមន៍ទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចាត់មន្ត្រីជំនាញឲ្យចុះធ្វើអធិការកិច្ចស្រាវជ្រាវ និងពិនិត្យលើឯកសារពាក់ព័ន្ធនានាឡើងវិញ ពាក់ព័ន្ធករណីចេញប័ណ្ណកម្មសិទ្ធរំលោភយកដីព្រៃកោងកាង និងព្រៃលិចទឹករហូតជាង ៧៦ហិចតា ទៅឲ្យបុគ្គលម្នាក់។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ផ្ទៃដីទំហំ ៧៦៥ ០០០ម៉ែត្រការ៉េ មានទីតាំងនៅក្បែរកោះស្កប្របមាត់ព្រែកជាដៃសមុទ្រ ស្ថិតនៅភូមិទួលស្រងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គ្របដណ្តប់ដោយព្រៃកោងកាង និងព្រៃលិចទឹកជំរកសត្វ និងកន្លែងសម្រាប់ពងកូនមច្ឆាជាតិនោះ កំពុងរងវិនាសកម្មដោយបុគ្គលមានលុយ និងមានឥទ្ធិពដាក់គ្រឿងចក្រធ្វើសកម្មភាពឈូសឆាយ និងកាយព្រំហ៊ុំព័ន្ធកាសពីសប្តាហ៍មុននេះ។
ពាក់ព័ន្ធសកម្មភាពឈូសឆាយដែលពលរដ្ឋអះអាងថា ជាប្រភេទដីព្រៃកោងកាង និងព្រៃលិចទឹករបស់រដ្ឋ ប៉ុន្តែត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធឃុបឃិតគ្នាលួចធ្វើប្លង់កម្មស្របច្បាប់ទៅឲ្យបុគ្គលអ្នកមានលុយយ៉ាងរំភើយ។
លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ធ្លាប់បានប្រាប់អង្គភាព MSJ TV ថា «សកម្មភាពគ្រឿងចក្រកំពុងឈូសឆាយដីនៅចំណុចក្បែរកោះស្ករ ក្នុងភូមិទួលស្រងាំ ឃុំអង្កោលនោះមិនមែនជាដីព្រៃកោងកាង ឬដីដីព្រៃលិចទឹកស្អីទេ គឺជាដីស្របច្បាប់របស់ប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធ និង ស.ជ.ណ. ត្រឹមត្រូវហើយលោកបានឲ្យលេខទូរសព្ទមួយខ្សែរ 031933xx..33 ដើម្បីទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម ប៉ុន្តែម្ចាស់លេខមិនសុំមិនបកស្រាយទេ»។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានបញ្ជាក់ប្រាប់ថា «មកដល់ម៉ោងនេះប្រហែលជាមិនអាចចេះតែឈូសឆាយដីព្រៃកោងកាង ឬដីព្រៃលិចរបស់រដ្ឋបានស្រេចតែអំពើចិត្តម្ចាស់គ្រឿងចក្រអាចនឹងប្រឈមមុខជាប់គុកមិនខានប្រហែលជាដីបងប្អូនមាន ស.ជ.ណ. និងប័ណ្ណកម្មសិទ្ធស្របច្បាប់ទើបគេឈូសឆាយ ដើម្បីអភិវឌ្ឍដាំដំណាំដូង»។ លោកបានបន្ថែមថា «បើកាលណាដីគេមានប្លង់ត្រឹមត្រូវគេអាចឈូសឆាយ បង្រៀបដើម្បីធ្វើការអភិវឌ្ឍ ហើយទីតាំងដីនោះបើយើងមើលមួយភ្លេតដូចដីព្រៃលិចទឹក និងដីព្រៃកោងកាងអញ្ចឹង ប៉ុន្តែជាក់ស្តែងជាដីអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋដាំដូង»។
លោកអភិបាលខេត្តកែប បានបញ្ជាក់បន្ថែមថា «ឲ្យតែដីមានប្លង់កម្មសិទ្ធគាត់មានសិទ្ធធ្វើការអភិវឌ្ឍលើដីរបស់ខ្លួនហើយទាំងយើងទាំងគេមានសិទ្ធឈូសឆាយ មានសិទ្ធដាំដុះ ប៉ុន្តែបើសិនជាសាងសង់ធ្វើរបង និងសំណង់ផ្សេងៗត្រូវតែសុំច្បាប់ពីអាជ្ញាធរ»។
ក្រោយមានការចុះផ្សាយករណីគ្រឿងចក្រឈូសឆាយដីព្រៃលិចទឹក និងព្រៃកោងកាងខាងលើមានបុគ្គលម្នាក់ អះអាងខ្លួនមានឈ្មោះ ស្វាយ ស៊ីថា ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកែប មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី បានចេញមុខកាន់កញ្ចប់ថវិការាប់ពាន់ដុល្លារពីម្ចាស់ដីដើម្បីបិទបាំងព័ត៌មានករណីគ្រឿងចក្រឈូសឆាយដីព្រៃកោងកាង និងព្រៃលិចទឹកនេះ និងកើតមានជម្លោះហែកហួរគ្នាពេញប្រព័ន្ធតេឡេក្រាមដោយសារការចែកលុយមិនស្មើគ្នា។
អាជ្ញាធរស្រុកដំណាក់ចង្អើរ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅបានចេញលិខិតបកស្រាយពាក់ព័ន្ធការចុះផ្សាយព័ត៌មាន ចោទប្រកាន់នាពេលប៉ុន្មានថ្ងៃកន្លងមកនេះថា «មានជនខិលខូចមួយក្រុមបានមានអំណាចកំពុងដាក់គ្រឿងចក្រមកកាប់ទន្ទ្រានដីព្រៃលិចទឹក និងចាក់ដីលុបធ្វើជាកម្មសិទ្ធិរបស់ខ្លួន ស្ថិតនៅភូមិទូលសាងាំ ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប»។
អាជ្ញាធរស្រុកដំណាក់ចង្អើរ បានបកស្រាយថា ពាក់ព័ន្ធការចុះផ្សាយព័ត៌មាននោះ ពុំមែនជាការពិតនោះឡើយ ព្រោះទីតាំងដីខាងលើនេះ គឺជាដីរបស់ប្រជាពលរដ្ឋដែលមាន ស.ជ.ណ. ប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ស្របទៅតាមអនុក្រឹត្យលេខ ២៥៥ អនក្រ.បក កាត់ឆ្វៀលដីមានទំហំ ៧៦៥ ០០០ម៉ែត្រការ៉េ បានចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ និងស្របតាម ស.ជ.ណ លេខ ១០៩៤ អនុញ្ញាតកាត់ឆ្វៀលដីទំហំ ៧៦៥ ០០០ម៉ែត្រការ៉េ ពីគម្របព្រៃឈើឆ្នាំ២០០២ និងដែនព្រៃលិចទឹក ចុះថ្ងៃទី០ ៨ ខែធ្នូ ឆ្នាំ២០២២ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលជាយូរឆ្នាំមកហើយនោះ។
លិខិតបកស្រាយរបស់អាជ្ញាធរស្រុកដំណាក់ចង្អើរ បានបញ្ជាក់ថា «ចំពោះសកម្មភាពទីតាំងដែលប្រជាពលរដ្ឋកំពុងដាក់គ្រឿងចក្រធ្វើនោះ គឺគាត់បាននិងកំពុងអភិវឌ្ឍន៍ដីធ្វើកសិកម្មដាំដំណាំដូង ដែលស្ថិតនៅក្នុងប្លង់កម្មសិទ្ធិរបស់គាត់តែប៉ុណ្ណោះ»។
យោងតាមដីការបស់លោក កែវ ភិរុណ អគ្គនាយករដ្ឋបាល នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រាបជូនលោកប្រធានមន្ទីររៀបចំដែនដីខេត្ត បានឲ្យដឹងថា «យោងតាមលិខិតចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ របស់ឈ្មោះ សឿន ប៊ុនធឿន និងឈ្មោះ អ៊ុក ត្រេវ បានស្នើសុំអន្តរាគមន៍ចាត់មន្ត្រីអធិការកិច្ចក្រសួង ដើម្បី ចុះស្រាវជ្រាវផ្ទាល់លើឯកសារពាក់ព័ន្ធនឹងភាពមិនប្រក្រតី នៃការប្រគល់ និងចេញបណ្ណកម្មសិទ្ធិលើដី ទំហំ ៧៦៥ ០០០ម៉ែត្រការ៉េ (ប្រាំពីររយហុកសិបប្រាំពាន់ម៉ែត្រការ៉េ) ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ ២៣០១០១០២-០០០២ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ស្ថិតនៅ ភូមិតាំងសាដាំ ឃុំអង្កែ ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីពិនិត្យ និងរាយការណ៍ ជុំវិញករណីខាងលើ»។
ព័ត៌មានបន្ថែមជុំវិញរឿងរ៉ាវដ៏ក្តៅគគុកប្រជាពលេដ្ឋរិះគន់ករណីដីព្រៃលិចទឹក និងដីព្រៃកោងកាងរបស់រដ្ឋ ជាង ៧៦ហិកតារ ត្រូវបានមន្ត្រីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញប័ណ្ណកម្មសិទ្ធឲ្យទៅអ្នកមានលុយនេះ ក្រុមការងារមិនទំនាក់ទំនងសុំការបកស្រាយបន្ថែមពីលោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដីបានឡើយ៕