ភ្នំពេញ៖ ពិតជាមានការចូលរួមសោកស្តាយចំពោះ លោកស្រី ហែម ស៊ីណាត ដែលមានវ័យ ៥៧ឆ្នាំ ជាបេក្ខជនចាស់ជាងគេនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅថា បាក់ឌុប សម័យប្រឡង៖ ០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដែលទទួលលទ្ធផលមិនបានល្អ (ធ្លាក់) ប៉ុន្តែទោះបីជាយ៉ាងណាអ្វីដែលធ្វើឱ្យប្រជាពលរដ្ឋ និងប្អូនៗគួរយកគំរូតាម គឺមិនត្រូវបោះបង់ការតស៊ូរៀនសូត្រដាច់ខាត ព្រោះលោកស្រីចង់បង្ហាញថា «ការរៀនសូត្រក្រេបជញ្ជក់យកចំណេះវិជ្ជាគ្មានទីបំបញ្ចប់នោះទេ»។
សូមជម្រាបថា អ្នកស្រី ហែម ស៊ីណាត ជាគ្រូអក្ខរកម្ម មានអាយុ ៥៦ឆ្នាំ នៅភូមិថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាបេក្ខជនដែលមានអាយុច្រើនជាងគេដែលបានចូលរួមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ម្តងរួចមកហើយ ប៉ុន្តែលទ្ធផលធ្លាក់ ហើយលោកស្រីមិនបោះបង់ក្តីស្រមៃ និងការតស៊ូររៀនសូត្រក្នុងការប្រឡងនោះទេ ក្នុងការប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំ២០២៣ នេះគាត់បានចូលរួមក្នុងការប្រឡងសារជាថ្មី ប៉ុន្តែដោយសារការមិនបានល្អក៏ធ្លាក់ទៀត។
បេក្ខជនរូបនេះ ធ្លាប់បាននិយាយថា «ការតស៊ូប្រឡងនេះ គឺដើម្បីបានសញ្ញាបត្រទៅប្រឡងចូលធ្វើគ្រូបង្រៀនរកចំណូលដោះស្រាយជីវភាពដែលកំពុងក្រខ្សត់ និងដើម្បីឱ្យក្មេងៗជំនាន់ក្រោយយកតម្រាប់តាមយល់ពីតម្លៃនៃការសិក្សា និងធ្វើយ៉ាងណាកុំបោះបង់ការសិក្សាចោលតែម្តង»។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំ២០២៣នេះ ដោយដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការប្រឡងបាក់ឌុប២០២៣នេះ មានបេក្ខជនចុះឈ្មោះប្រឡង សរុបចំនួន ១៣៧.៤១២នាក់ ស្រី ៧៣.២៧៨នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១.៣៧៩នាក់ ស្រី២៤.៧៨៩នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមាន ចំនួន ៩៦.០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់)។
សម្រាប់បេក្ខជនត្រូវបានរៀបចំ ចំនួន ២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី-ខេត្តលើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមាន ចំនួនសរុប ២២៧មណ្ឌល ត្រូវជា ៥.៥៤៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២មណ្ឌល ត្រូវជា១.៦៨២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ចំនួន ១៥៥មណ្ឌល ត្រូវជា៣.៨៦១បន្ទប់៕