ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យមើលនូវសារធាតុញៀនជិត ៦គីឡូក្រាម ដែលកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឆែកឆេរ និងរកឃើញនៅក្នុងបន្ទប់ នៃសណ្ឋាគារមួយកន្លែង ខណៈសមត្ថកកិច្ចដាក់់គោលដៅដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបានដាក់ការសង្ស័យទៅលើជនជាតិចិនម្នាក់ ដោយចែកឆេរក្នុងរថយន្តឃើញមានតម្រុយពាក់ព័ន្ធអំពើជួញដូរសារធាតុញៀនដោយខុសច្បាប់។
តាមរបាយការណ៍របស់ប៉ូលិស បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០១និង០០នាទី កម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ដឹកនាំដោយលោក សោម សេន អភិបាលរងក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅចំណុច ក្រុម១១ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
របាយការណ៍បង្ហាញទៀតថា ជនសង្ស័យឈ្មោះ Song Jing Gen ភេទប្រុស ឆ្នាំកំណើតឆ្នាំ១៩៩៤ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានស្រុកកំណើត ខេត្តសានស៊ី ប្រទេសចិន ពេលកំពុងតែឆែកឆេរក៏មានមិត្តភ័ក្ររបស់ជនសង្ស័យម្នាក់មកមើលនិងសួរនាំបន្ទាប់មកសមត្តកិច្ចបានឆែកឆេរក្នុងទូរសព្ទដៃជនជាតិចិននោះ សមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យទាំងពីរ មានការពាក់ព័ន្ធជាមួយគ្នា និងរកឃើញថា ជនសង្ស័យស្នាក់នៅសណ្ឋាគារ «Brown Hotel» និងបានទៅឆែកឆេរបន្ទប់របស់ជនសង្ស័យទាំងពីរក៏រកឃើញគ្រឿងញៀន នៅក្នុងបន្ទប់ 5C របស់ជនសង្ស័យឈ្មោះ SHEN ZHEN HOU ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងបន្ទប់ខេធីវី ទីលំនៅបច្ចុប្បន្ន ក្រុម១២ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀនជាជនជាតិចិនខាងលើ សមត្ថកិច្ចរឹមអូសវត្ថុតាង រួមមាន៖
ពីឈ្មោះ Song Jing Gen ម្សៅកញ្ចប់ ពណ៌ក្រហម ម៉ាក Ferrari សង្ស័យជាសារធាតុញៀន ចំនួន ២០០ កញ្ចប់, ទូរសព្ទ ចំនួន ០១គ្រឿង និងរថយន្ត ចំនួន ០១គ្រឿង។ ចំណែកឈ្មោះ Shen Zhen zhou ដកហូតម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន ១៣កញ្ចប់, ម្សៅកញ្ចប់ ពណ៍ក្រហមអក្សរ Grape សង្ស័យសារធាតុញៀន ចំនួន ៣៩កញ្ចប់, ម្សៅកញ្ចប់ ពណ៌ក្រហមអក្សរ Ferrari សង្ស័យសារធាតុញៀន ចំនួន ០៤កញ្ចប់, ម្សៅកញ្ចប់ រូបតុក្តាអក្សរ Jintiao សង្ស័យសារធាតុញៀន ចំនួន ១៥កញ្ចប់, ម្សៅកញ្ចប់ ពណ៏ត្នោតរូបនាគ សង្ស័យសារធាតុញៀន ចំនួន ០១កញ្ចប់, ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន ០១ស្បោង, កញ្ឆាក្រៀម ០១ កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០២គ្រឿង, សម្ភារៈសម្រាប់វេចខ្ចប់ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ និងលិខិតឆ្ឆងដែនរបស់ឈ្មោះ SHEN Zhen zhou ចំនួន ០១ច្បាប់។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំដល់មន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, កងរាជអាវុធហត្ថខេត្តបង្កើនការយកចិត្តទុកដាក់ ក្នុងការបង្ក្រាបនៅរាល់បទល្មើស ជាពិសេសការជួញដូរ ប្រើប្រាស់ និងចែកចាយសារធាតុញៀន នៅក្នុងក្រុងកិច្ចព្រះសីហនុឱ្យបានជាដាច់ខាត។ លោកអភិបាលក៏បានកោតសរសើរដល់កងកម្លាំងគ្រប់ជាន់ថ្នាក់ដែលបានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពក្រុង ចុះពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ រហូតឈានដល់បើកការស៊ើបអង្កេតឃាត់ខ្លួនជនសង្ស័យ នៃអំពើជួញដូរសារជាតិញៀនបានជាច្រើនករណី នាពេលកន្លងមក។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើសមត្ថកិច្ចកំពុងឃាត់ខ្លួននៅស្នងការនគរបាលខេត្ត ដើម្បីធ្វើការសាកសួរ និងកសាងសណុំរឿងចាត់ការតាមនីតិវិធីបន្តច្បាប់៕