2023-11-24 13:09
473

ខេត្តក្រចេះ ៖    នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥៤ អាណត្តិទី ៣ ឆ្នាំទី ៥ របស់ក្រុមប្រឹក្សាខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម ហឿ ស៊ីយ៉ែម ជាប្រធាន និងការអញ្ជើញចូលរួមពីឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងមានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត នាថ្ងៃទី ២៣ ធ្នូ ឆ្នាំ២០២៣ ។

ក្នុងកិច្ចប្រជុំ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានអង្គប្រជុំ បានមានប្រសាសន៍ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនកន្លងមក ក្នុងផ្នែកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អគួរឲ្យគត់សម្គាល់ ជាពិសេសក្នុងការងារ បើកវែទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលធ្វើឡើងនៅតាមបណ្តាក្រុងស្រុកទាំង៧ ហើយនឹងបានបញ្ចប់នាពេលថ្មីនេះ ក្នុងបរិយាកាសរីករាយ និងការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

កិច្ចប្រជុំបានចាប់អារម្ភទៅលើកការងារមួយចំនួនរួមមាន ៖-ការងារកសិកម្ម ឃើញថាគិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣  ៖-ការដាំដុះដំណាំរដូវប្រាំង សម្រេចបាន77,94% នៃផែនការ ធៀបនឹងឆ្នាំមុនច្រើនជាង 210 ហ.ត - ការដាំដុះដំណាំសាកវប្បកម្ម បាន 86,67% នៃផែនការ ធៀបនឹងឆ្នាំមុនតិចជាង 9 ហ.ត  - ការដាំដុះដំណាំឧស្សាហកម្មរយ:ពេលខ្លី 56,62% នៃផែនការ ធៀបនឹងឆ្នាំមុនច្រើនជាង 203ហ.ត ។ -ការងារប្រមូលផលដំណាំ ៖ ស្រូវរដូវវស្សាបានចំនួន 84,53% នៃផ្ទៃដីដាំដុះ ធៀបឆ្នាំមុនច្រើនជាង 167 ហ.ត -ដំណាំសាកវប្បកម្មរដូវវប្រាំង 6,41% នៃផ្ទៃដីដាំដុះ ធៀបឆ្នាំមុនច្រើនជាង 12 ហ.ត -ដំណាំឧស្សាហកម្មរយ:ខ្លីរដូវវស្សាចំនួន 36,65% នៃផ្ទៃដីដាំដុះ ធៀបឆ្នាំមុនតិចជាង 110ហ.ត ។ ហើយតម្លៃស្រូវចម្រុះ គឺតម្លៃចន្លោះពី១.០០០ ទៅ១.៣០០ រៀលក្នុង១គីឡូក្រាម ។ 

ឯកឧត្តមបន្តថា ៖ ចំពោះការងារទេសចរណ៍ ឃើញថាមានភ្ញៀវជាតិ-អន្តរជាតិ ចូលមកកម្សាន្ត ហូបចុក និងស្នាក់នៅ តាមទីតាំងរម្មណីយដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារ យ៉ាងច្រើនគួរកត់សម្គាល់ ក្នុងនោះឯកឧត្តប្រធាន ក៏បានជម្រុញឲ្យបន្តពង្រឹងលើសុវត្ថិភាពភ្ញៀវទេសចរណ៍ សុវត្ថិភាពតម្លៃ និងសុវត្ថិភាពអនាម័យ ដើម្បីរក្សាភាពទាក់ទាញ និងភាពទុកចិត្ត ពេញចិត្តពីភ្ញៀវ ។ 

ក្នុងឱកាសនោះដែរឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក៏បានស្នើសុំឲ្យអាជ្ញាធរចុះពិនិត្យមើលសណ្តាប់ធ្នាប់សាធារណ:ទីប្រជុំជន នៃការលក់ដូរបងប្អូនអាជីវករ សូមចូលរួមសម្អាត និងចេះវិចខ្ចប់សម្រាម ឬ កាកសំណល់ ឲ្យមានរបៀបដើម្បីជួយសម្រួល និងផ្តល់ភាពងាយស្រួលដល់ក្រុមអ្នកប្រមូលប្រចាំថ្ងៃ ស្របតាមពាក្យស្លោក “ថ្ងៃនេះ យើងមិនប្រើប្រាស់ប្លាស្ទិកទេ” ។ ហើយការសាងសង់ និងដាក់តូប ឬឆ័ត្រ លក់លូយចូលចំណីផ្លូវសាធារណ: សូមពិនិត្យ និងតម្រូវឲ្យកែសម្រួល ហើយអាជីវករត្រូវចូលរួមសហការ និងគោរពអនុវត្តផងដែរ ៕
                    ណូរិទ្ធ (ក្រចេះ)