(កំពត) ៖ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នៅសាលមហាជនសាលាខេត្តកំពតថ្មីបានបើកយន្តការវិវាទចំនួន ១២ ករណីលើកយកមកដោះស្រាយក្រៅប្រព័ន្ធតុលាការ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត និងជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិដោះស្រាយឱ្យបានច្រើន ដើម្បីជួយសម្រួលដល់គូរវិវាទក្នុងមូលដ្ឋានរបស់ខ្លួនពុំចាំបាច់ឡើងទៅដល់តុលាការនោះទេ។
ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលក៏បានចេញសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ហើយត្រូវបានអនុម័តទាំងស្រុងកាលពីពេលថ្មីៗនេះដែរ។
វិវាទសំណុំរឿងចំនួន ១២ករណី នៅក្នុងខេត្តកំពត ត្រូវបានលើកយកមកដោះស្រាយក្រៅប្រព័ន្ធតុលាការ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធិនិន អភិបាលខេត្តកំពត និង ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តនិង ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ មន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងពលរដ្ឋប្រមាណជាង ៣០០នាក់។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងក្នុងវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានលើកឡើងថា បច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋទាំងអស់បានរស់នៅក្រោមម្លប់នៃសុខសន្តិភាពពេញលេញ ហើយសុខសន្តិភាពនេះគឺបានដោយសារតែសម្តេចតេជោ ហ៊ុន សែន ដែលលោកបានខិតខំលះបង់គ្រប់បែបយ៉ាងដើម្បីយកមកជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលដោយលំបាក។
ម្យ៉ាងទៀតរាជរដ្ឋាភិបាលកម្ពុជាក្នុងអណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បានរៀបចំ និងបង្កើតឱ្យមានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិផងដែរ។
ប្រជាពលរដ្ឋដែលទទួលបានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា យន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមអភិបាលខេត្ត ក្រោមយន្តការ ឈ្នះ ឈ្នេះ បានធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវភាពពិតប្រាកដ មានសុក្រិតយុត្តិធម៌ ព្រមទាំងទទួលយកបានទាំងសងខាងរវាងគូរទំនាស់។
ប្រជាពលរដ្ឋបានបន្តទៀតថា ការដោះស្រាយទំនាស់ក្រៅប្រព័ន្ឋតុលាការនេះ បានធ្វើឱ្យពួកគាត់មានចិត្តសប្បាយរីករាយ និងមិនមានការចំណាយថវិកា ពេលវេលា ដើម្បីទៅដោះស្រាយដូចទៅតុលាការនោះឡើយ។
សូមបញ្ជាក់ថា ក្នុងសំណុំរឿងទាំង ១២ករណីដែលលើកយកមកដោះស្រាយនាថ្ងៃនេះ ភាគច្រើនជាវិវាទដីធ្លីរវាងម្តាយនឹងកូន រវាងបងប្អូនបង្កើត និងករណីជំពាក់ប្រាក់។
ការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះ សំណុំរឿងវិវាទដីធ្លីរវាងម្តាយនឹងកូន បងប្អូនបង្កើត ត្រូវបានសម្របសម្រួលបញ្ចប់ សះជាគ្នា ដោយភាគីទាំងសងខាងទទួលយកតាមយន្តការដោះស្រាយរបស់ឯកឧត្តមអភិបាលខេត្ត។
ជាមួយគ្នានេះដែរ បើតាមការបញ្ចាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា រដ្ឋបាលខេត្ត និងបន្តចុះដោះស្រាយរាល់វិវាទក្រៅប្រព័ន្ធតុលាការនេះ នៅតាមមូលដ្ឋានឱ្យបានគ្រប់ក្រុង-ស្រុកទាំងអស់ក្នុងខេត្តកំពតបន្តទៀត តាមយន្តការរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដោះស្រាយរឿងវិវាទក្រៅប្រព័ន្ធតុលាការនេះរួចហើយក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់លោកតា លោកយាយ ដែលមានវ័យចាស់ជរា និងផ្តល់ជាអង្ករដល់ប្រជាពលរដ្ឋដែលមកចូលរួមក្នុងវេទិការនេះផងដែរ។(សឹង រ៉ាត់)