(កែប)៖ នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះមន្ត្រីជំនាញបានលើកឡើងថា ខេត្តកែបជាខេត្តទេសចរណ៍តារារះទិសនិរតីមួយនៃព្រះរាជាណាចក្រកម្ពុជា របស់ខេត្តកែបមានសក្តានុពល ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រដែលមានអំណោយផលល្អបំផុតលើវិស័យទេសចរណ៍ នៅក្នុងបច្ចុប្បន្ននេះក្រោមការដឹកនាំរបស់ឯកឧត្តមសោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលមានគោលដៅទាក់ទាញភ្ញៀវទេចរណ៍ ហើយនិងមានរមណីយដ្ឋានសរុបចំនួន ៤២ កន្លែង សម្រាប់ត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិមកលេងលម្ហែកម្សាន្តនៅខេត្តកែប។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានប្រាប់ឲ្យដឹងថា ការអភិវឌ្ឍន៍វិស័យទេសចរណ៍ដ៍ទាក់ទាញដើម្បីឲ្យមានការរីកចម្រើននៅខេត្តកែប នៅក្រោមការដឹកនាំរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ឯកឧត្តមបានយកចិត្តទុកដាក់លើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹកភ្លើង ការរក្សាអនាម័យបរិស្ថាន និងកែលម្អសោភ័ណភាពទីក្រុង និងសួនច្បារ ឆ្នេខ្សាច់កម្សាន្តស្អាត និងតាមកោះជាដើម។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានបញ្ជាក់ថា នាបច្ចុប្បន្នខេត្តកែបមានកន្លែងគោលដៅទេសចរណ៍ទាក់ទាញ និងរមណីយដ្ឋានសរុបចំនួន ៤២កន្លែង បែងចែកទៅជា ៤ តំបន់ធំៗ ទី១ ដែលស្ថិតនៅក្នុងតំបន់ក្រុងកែបចាស់ ទី២ មានតំបន់ធ្នេរអង្កោល ទី៣ នៅតំបន់ភ្នំវល្លិ៍ និងទី៤ ជាតំបន់ប្រជុំកោះនៃខេត្តកែប។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ឱ្យដឹងទៀតថា នាបច្ចុប្បន្ននេះមានភ្ញៀវទេសចរជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិបានចូលមកលេងលម្ហែកម្សាន្តនៅខេត្តកែប មានជម្រើសជាច្រើនណាស់ ថ្វីត្បិតតែកែបជាខេត្តនៅជាប់មាត់សមុទ្រ ប៉ុន្តែកន្លែងដើរលេងកម្សាន្ត មិនមែនមានតែឆ្នេរ និងគ្រឿងសមុទ្រប៉ុណ្ណោះនោះទេ មានតំបន់រមណីយដ្ឋានជាច្រើនសំបូរបែប ពិសេសផលិតផលទេសចរណ៍ថ្មីជាច្រើន នៅតាមតំបន់ប៉ូលទេសចរណ៍ទាំងបួន ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការអភិវឌ្ឍន៍ និងកាន់តែមានភាពទាក់ទាញយ៉ាងខ្លាំងទៀតផង។
លោកប្រធានមន្ទីរបានឱ្យដឹងថា ខេត្តកែបកំពុងមាញឹកព្រោះត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ និងចាប់ផ្ដើមពីថ្ងៃទី១ធ្នូ រហូតដល់ថ្ងៃទី ៣ ខែធ្នូខាងមុខ ក្រោមប្រធានបទយើងទាំងអស់គ្នាដើម្បីទេសចរណ៍ ដែលការរៀបចំត្រូវបានបែងចែកជា៣តំបន់មាន តំបន់A (ទីតាំងប្រារពពិធីរៀបចំនៅឆ្នេរ២៧០០ម៉ែត្រនៅក្បែរផ្សារក្តាមនៃខេត្តកែប) និងតំបន់B (ឆ្នេរខ្សាច់ស្រី ស ) និងតំបន់C (បរិវេណខាងមុខសាលាខេត្ត) ចំពោះសកម្មភាពសំខាន់ៗមានការដាក់ស្តងពិព័រណ៍ទំនិញ និងមានការដាំដើមឈើនៅតាមបណ្តោយឆ្នេរ សកម្មភាពកីឡា ការសម្តែងលីល្បះ និងមានការប្រកុំដន្ត្រី ហើយរួមមានការដុតកាំជ្រូច បង្ហោះគោមអបអរសាទរជាដើម។(សឹង រ៉ាត់)